Thursday, December 08, 2016

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន មិនអាច​ទទួលយក​ការគាបសង្កត់​ពីអន្តរជាតិ​បាន​ឡើយ​

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា លោកមិនអាចទទួលយកការគាបសង្កត់ពីអន្តរជាតិបានឡើយ។ លោក បានថ្លែងដូចនេះ នៅក្នុងឱកាសចូលរួមពិធីខួប៥ឆ្នាំ របស់ក្រុមហ៊ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ‌«កម្ពុជា គេចេះដោះស្រាយបញ្ហារបស់គេ ហើយកុំនិយាយឱ្យសោះជាមួយហ្នឹង អាអីគាបសង្កត់ មិនគាបសង្កត់ អីកុំនិយាយ ការគាបសង្កត់ហ្នឹង អត់បានការទេ ហ៊ុន សែន មានចរិតខុសគេទាំងអស់។ បើអ្នកឯងគាប ឯងដេកធ្វើមិនដឹង ស្ងៀម គាបមិនបាន មនុស្សម្នាក់នេះ កុំគាបឱ្យសោះ ថាគាប អត់បាន ប៉ុន្តែដល់ស្រាប់តែសភាពការណ៍ស្ងាត់ៗៗៗៗ សកម្មភាពតែប៉ុន្មានម៉ោងចប់សេចក្តី ម្សិលមិញគេនិយាយគ្នាស្រួលទៅទៀត ប៉ុន្តែកុំប្រើពាក្យ International pressure …… បើ press ឯងដេកទៀត…»។
ការថ្លែងរបស់លោក ហ៊ុន សែន អាចត្រូវបានគេគិតថា ជាការឆ្លើយតបចំពោះអង្គការ សង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងមួយចំនួន ដែលតែងតែចោទថា តុលាការកម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល ហើយតែងស្នើសុំទៅបរទេសដាក់ការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងជនប្រព្រឹត្តបទល្មើសមួយចំនួនដោយគ្មានលក្ខខណ្ឌ ។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា លោកមិនអាចលូកលាន់ក្នុងដែនសមត្ថកិច្ចរបស់តុលាការបានឡើយ ព្រោះតុលាការជាស្ថាប័នឯករាជ្យ ជនដែលបានប្រព្រឹត្តនូវទោសកំហុស ទោះស្ថិតក្នុងតំណែងណាក៏ដោយ មាននិន្នាការនយោបាយខាងណាក៏ដោយ ស្ថាប័នតុលាការត្រូវតែដំណើរការនីតិវិធីច្បាប់ដូចៗគ្នាទាំងអស់។
នៅក្នុងឱកាសអបអរសាទរ ខួប៥ឆ្នាំ របស់ក្រុមហ៊ុន Minebea នេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ល្មមដល់ពេលដែលកម្ពុជា រួមគ្នាកសាងទឹកដី ដ៏កំសត់របស់យើង ឱ្យទៅជាទឹកដីនៃការអភិវឌ្ឍ ពីព្រោះប្រទេសកម្ពុជា បានរងគ្រោះច្រើនហើយ ឆ្លងកាត់សោកនាដកម្មច្រើនពេកហើយ ត្រូវរួមគ្នាថែរក្សាសន្តិភាព បើគ្មានសន្តិភាព ក៏មិនអាចអភិវឌ្ឍន៍បានឡើយ៕



No comments:

Post a Comment