Thursday, December 08, 2016

ដោយ៖ សួន ចំរើន​ ឡានមួយ ​ចង្កូតពីរ!

ដំណើរការវិវត្តន៍នយោបាយមកដល់ពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ បានឈានមកដល់ផ្លូវបែក និងការប្រះស្រាំវិបត្តិផ្ទៃក្នុងយ៉ាងស្រួចស្រាល់ហើយ ។
គេអាចនិយាយ១បែបទៀតថា លោក កឹម សុខា កំពុងមានយីអ៊ុនខ្ពស់ជាងប្រធានបក្សលោក សម រង្ស៊ី យ៉ាងពិតប្រាកដ ដោយសារថា ប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានសិទ្ធិសេរីភាពដើរហើរដោយសេរីឡើងវិញ បន្ទាប់ពីឃុំខ្លួនឯងនៅក្នុងស្នាក់ការបក្សអស់រយៈពេលជិត ៦ខែ។
ការប្រោសព្រះរាជទានលើកលែងទោសឲ្យលោក កឹម សុខា មិនមែនជារឿងចៃដន្យ នោះទេ តែជាការសរសេរស្នើសុំរបស់លោក កឹម សុខា ខ្លួនឯងផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការស្នើសុំលើកលែងទោសនេះ មានន័យថា លោក កឹម សុខា បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តកំហុសពិតមែន។
ជាការកត់សម្គាល់ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា ត្រូវបានគណបក្សសង្គ្រោះជាតិតម្លើងតំណែងឲ្យធ្វើជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ជំនួសលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស និងក៏កំពុងមានពិរុទ្ធភាពផងនោះ។ ប្រហែលដោយសារព័ត៌មាននៃការជំនួសតំណែងនេះហើយ ទើបគេឃើញលោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មជំទាស់ភ្លាមៗ ដោយបានសរសេរនៅលើទំព័រធ្វីតទ័រ(Twitter)របស់ខ្លួនថា គាត់នៅតែជាប្រធានក្រុមសំលេងភាគតិចក្នុងរដ្ឋសភាដដែល។ លោកថ្លែងដូច្នេះថា៖ «ក្នុងឋាន:ជាប្រធានគណបក្ស គាត់នៅតែជាប្រធានក្រុមសំលេងភាគតិចក្នុងរដ្ឋសភាដដែល ឯលោក កឹម សុខា គ្រាន់តែជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលមាន សមភាគី គឺលោក ស ខេង តែប៉ុណ្ណោះ ចំណែកលោក សម រង្សី សមភាគីរបស់គាត់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ តើប្រធានបក្សប្រឆាំងរូបនេះពិតជាកំពុងកើតជម្ងឺតួឯកមែនឬ? ឯណាទៅប្រជាធិបតេយ្យក្នុងបក្សដែលលោកប្រធានតែងតែលើកឡើងនោះ?
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះត្រូវបានក្រុមអ្នកវិភាគ និងសាស្ត្រាចារ្យមួយចំនួនដែលធ្លាប់មានមតិគាំទ្រលោកពីមុនយ៉ាងផ្កាប់មុខនោះ បានបញ្ចេញយោបល់ជំទាស់នឹងទស្សនៈខាងលើដោយសុទិដ្ឋិនិយម។ លោក សូ ចន្ថា ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយថ្លែងថា៖ «អ្នកនយោបាយនៅកម្ពុជាមិនទាន់មានការធ្វើនយោបាយបែបប្រជាធិបតេយ្យនៅឡើយទេ គឺនៅតែប្រើវប្បធម៌មេនិយមដដែល។ បច្ចុប្បន្ននេះគួរតែបោះបង់ចោលទម្លាប់ប្រធាននិយមហ្នឹងហើយ ហើយគួរតែផ្តល់ឱកាសដល់អ្នកដែលអាចបំពេញការងារបាន ដើម្បីបំពេញផលប្រយោជន៍រួមនៅក្នុងគណបក្ស ក៏ដូចជាជាតិផងដែរ ម្យ៉ាងទៀតខ្ញុំគិតថា ដើម្បីរុញឲ្យស្ថាប័នមួយទៅមុខ គេមិនគួររង់ចាំបុគ្គលម្នាក់នោះទេ»។
ការខ្វែងគំនិតគ្នានៅក្នុងជួរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជនគាំទ្រនៅមូលដ្ឋាន បានបង្ហាញកាន់តែច្បាស់ថា «រថយន្តមួយ បាននិងកំពុងប្រើចង្កូតពីរ» ។ នៅពេលនេះ តៃកុងឡានទាំងពីរកំពុងបញ្ជាយាន្តទាញឆ្វេង ទាញស្តាំបញ្ច្រាសទិសគ្នា និងលែងស្តាប់បញ្ជាគ្នាថានរណាជាមេ នរណាជាកូនទៀតហើយ។
ជាក់ស្តែង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច បានថ្លែងនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងន័យអំពាវនាវឲ្យសាធារណៈជនទាំងអស់ ចៀសវាងនូវការជេរប្រមាថ លាបពណ៌ ដែលនាំឲ្យមានការឈឺចាប់ និងការបែកបាក់សង្គមកម្ពុជា។
ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តបោកប្រាស់ និងញុះញង់ប្រជាពលរដ្ឋ តាមរយៈការបង្ហោះសារនយោបាយលើទំព័រ ហ្វេសប៊ុក និងធ្វីតទ័រ របស់ខ្លួន ដោយប្រើពាក្យជេរប្រមាថលោក ហ៊ុន សែន ថាជាជនផ្តាច់ការ និងប្រើសម្តីញុះញង់ប្រជាពលរដ្ឋឲ្យខំប្រឹងធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈការតវ៉ាផ្សេងៗ ដើម្បីរំខានដល់ការអភិវឌ្ឍសង្គម។ ថ្មីៗនេះទៀត ទណ្ឌិត សម រង្ស៊ី បានបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋដោយផ្សព្វផ្សាយលើបណ្តាញសង្គម ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនរបៀបជាគ្រូទស្សន៍ទាយថា ការបោះឆ្នោតឆ្នាំ២០១៧ សម្លេងគាំទ្រគណបក្សខ្លួននឹងឈ្នះ ខណៈដែលការបោះឆ្នោតមិនទាន់មកដល់ផងនោះ។ សារនយោបាយភូតកុហក់ និងមានចរឹតញុះញង់បែបនេះ គឺបង្ហាញពីចរឹតទុច្ចរិត និងមហិច្ឆតាចង់គ្រប់គ្រងអំណាចដោយឥតអៀនខ្មាស់ បើទោះបីជាដឹងខ្លួនឯងថាអស់សិទ្ធិធ្វើនយោបាយទៅហើយក្តី។
ចំណុចផ្ទុយគ្នា និងគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺតៃកុងឡានទាំងពីរធ្វើការសម្រេចចិត្តអ្វីៗ ដោយមិនសួរយោបល់គ្នាដូចមុនទៀតឡើយ ហើយតែងតែកេងចំណេញប្រជាប្រិយភាពនៅក្នុងគណបក្សទៅវិញទៅមកដោយមិនកោតក្រែងគ្នាទៀតឡើយ។
លោក សម រង្ស៊ី បានបន្តប្រកាសតែម្នាក់ឯងឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបន្តការជឿទុកចិត្តការសាមគ្គីភាព រវាងលោក និងលោក កឹម សុខា ឆ្ពោះទៅរកការដឹកនាំប្រទេស និងនាំមកនូវការផ្លាស់ប្តូរនាពេលដ៏ខ្លីខាងមុខ ខណៈលោក កឹម សុខា មិនបាននិយាយអ្វីមួយមាត់អំពីលោក សម រង្ស៊ី ឡើយ។
បើតាមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជាមើលឃើញថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺគ្រាន់តែដើម្បីលួងលោមខ្លួនឯង ពិសេសដើម្បីបិទបាំងនូវភាពកំសាករបស់ខ្លួន ចំពោះអ្នកគាំទ្រ និងកុំឲ្យមើលឃើញពីការបែកបាក់ផ្ទៃក្នុងរបស់បក្សសង្គ្រោះជាតិ ដែលធាតុពិតគណបក្សនេះបានបែងចែកជាបក្សពួករួចទៅហើយ។ ចំណុចនេះ បានបង្ហាញយ៉ាងច្បាស់នៅក្នុងពិធីជួបជុំជាមួយយុវជនមកពីខេត្តត្បូងឃ្មុំ និងកំពង់ចាម នៅស្នាក់ការបក្សកាលពីថ្ងៃអាទិត្យទី២ធ្នូ ដែលពេលនោះ ក្រុមលោក កឹម សុខា ស្លៀកឯកសណ្ឋានពណ៌លឿង រីឯក្រុមលោក សម រង្ស៊ី ស្លៀកឯកសណ្ឋានព័ណ៌ស ដែលបញ្ជាក់ថាទឹកនិងប្រេងមិនអាចនៅជាមួយគ្នាបានទេ។ នៅក្នុងពិធីជួបជុំនោះ គេឃើញជំហររបស់ប្រធាន និងអនុប្រធានបក្សមានភាពផ្ទុយគ្នា ១៨០ដឺក្រេ លោក កឹម សុខា បានថ្លែងឲ្យមានការបង្រួបបង្រួមជាតិ និងឲ្យសកម្មជនគណបក្សសង្គ្រោះជាតិត្រូវរិះគន់ក្នុងន័យស្ថាបនា មិនត្រូវបង្កបញ្ហានូវការញុះញង់ឲ្យមានបង្កបញ្ហាបែកបាក់ជាតិជាដើម។ ក៏ប៉ុន្តែជំហររបស់លោក សម រង្ស៊ី នៅតែបង្ហាញពីការធ្វើយ៉ាងណាដើម្បីឲ្យមានការផ្លាស់ប្តូរ ក្នុងន័យញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលជាដើម។
សរុបមក គ្មានអ្វីដែលជាមន្ទិលសង្ស័យទៀតឡើយ ដែលថា លោក កឹម សុខា ឬលោក សម រង្ស៊ី ជាប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិចរបស់គណបក្សសង្គ្រោះជាតិនៅរដ្ឋសភានោះ ពីព្រោះគេនៅចាំបានថា លិខិតប្រកាសរបស់រដ្ឋសភាលេខ៦៦៧ ចុះថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០១៥ តាមខ្លឹមសារបានបញ្ជាក់ថា លោក សម រង្ស៊ី បាត់បង់ ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា ដូច្នេះ អាជីពនយោបាយរបស់លោក សម រង្ស៊ី នាពេលនេះគឺបានស្លាប់បាត់ទៅហើយ ហើយរដ្ឋសភាកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក៏បានចេញសេចក្តីប្រកាសទទួលស្គាល់លោក កឹម សុខា ថា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាជំនួសវិញហើយដែរ។ ក្រុមអ្នកវិភាគលើកជាសំណួរថា តើសកម្មជនគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវសម្រេចចិត្តដើរតាមមេដឹកនាំរូបណា? តើគណបក្សសង្គ្រោះជាតិកំពុងបែកបាក់មែនឬទេ? តើរថយន្តមួយ ប្រើចង្កូតពីរផ្តល់ផលវិបាកអ្វីខ្លះ? តើលទ្ធផលនឹងទៅជាយ៉ាងណា?
សំណួរជាច្រើនខាងលើនេះ សូមទុកជូនប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំងមេត្តាពិចារណា និងសម្រេចចិត្តដោយខ្លួនឯង ថាទៅឬមិនទៅ៕

No comments:

Post a Comment