Thursday, December 08, 2016

លោក ហ៊ុន សែន អំពាវនាវឱ្យកម្មករក្រុមហ៊ុនមីនីបៀរ ខំប្រឹងធ្វើការឱ្យបានល្អ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ ថ្លែងពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាស អញ្ជើញចូលរួមខួប ៥ឆ្នាំ ក្រុមហ៊ុនជប៉ុន មីនីបៀរ (Minebea ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្មួយៗកម្មករ-កម្មការិនី ត្រូវខំប្រឹងប្រែធ្វើការឱ្យបានល្អ ព្រោះបើ កម្មករ-កម្មការិនី ធ្វើការបានល្អ ក្រុមហ៊ុននឹងចំនេញ ហើយបើក្រុមហ៊ុនចំណេញ ក្រុមហ៊ុន នឹងដំឡើងប្រាក់ខែឱ្យ។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់កម្មករ-កម្មការិនីថា ផលិតផលដែលអ្នកទាំងអស់គ្នាផលិត នឹងនាំចេញពីកម្ពុជាទៅបរទេស មានន័យថា អ្នកទាំងអស់គ្នា ចូលរួមអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ លោក ហ៊ុន សែន បន្តថា ការងារអ្នកទាំងអស់គ្នានេះ គឺបានផ្តល់ឱ្យអ្នកទាំងអស់គ្នាមានប្រាក់ខែផ្ញើរប្រាក់ទៅផ្ទះ តាមលោកដឹង មានអ្នកខ្លះផ្ញើរប្រាក់ទៅផ្ទះ ដើម្បីជួសជុលផ្ទះ ខ្លះផ្ញើរទៅឱ្យឪពុកម្តាយ ធ្វើផ្ទះថ្មី ដោយខ្លះផ្ញើរមួយខែ១០០ដុល្លារ និងខ្លះទៀត១៥០ដុល្លារ ។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន  មីនីបៀរ (Minebea ) ដែលបានអញ្ញើញទាំងគ្រួសាររបស់កម្មករ – កម្មការិនី ឱ្យមកចូលរួមថ្ងៃនេះ នឹងបានឃើញ កន្លែងធ្វើការរបស់កូនចៅគាត់។
លោក ហ៊ុន សែន បានបន្តថា ក្រុមហ៊ុន មីនីបៀរ (Minebea ) ជាក្រុមហ៊ុនផលិតម៉ូទ័រ និងសំភារៈបច្ចេកវិជ្ជាជាន់ខ្ពស់ គ្រឿងអេឡិចត្រូនិច ដែលនេះហើយ ជានយោបាយថ្មី លើវិស័យឧស្សាហកម្មរបស់កម្ពុជា ដែលកម្ពុជាត្រូវតែជំរុញបន្ថែមទៀត សំរាប់ដំណើរការអភិវឌ្ឍនេះ។ លោកនាយករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុនេះ មិនមែនផ្តល់ផលប្រយោជន៍សម្រាប់តែកម្មករទេ តែវាពាក់ព័ន្ធដល់គ្រួសារនៅមូលដ្ឋានទៀត ។ លោកបន្ថែមថា ក្នុងនាមជាកូនចៅយើងត្រូវតែជួយឪពុកម្តាយ ហើយឪពុកម្តាយត្រូវតែអប់រំកូនចៅ ឱ្យខំធ្វើការឱ្យបានល្អ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកក៏បានផ្តាំផ្ញើរ សួរសុខបងប្អូនប្រជាពលរដ្ឋដែលមិនបានមកទីនេះ ព្រោះរដូវនេះរដូវប្រមូលផល។ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាធ្វើទាំងកសិកម្ម ហើយផ្សារភ្ជាប់នឹងឧស្សាហកម្ម គឺចេញពីកសិករ ជាកម្មករ ជើងម្ខាងនៅកសិកម្ម និងជើងម្ខាងទៀតនៅឧស្សាហកម្ម ដោយកម្មករធ្វើការ ទទួលបានបៀរវត្សហើយផ្ញើរជូន គ្រួសារ។ តាមតួលេខគឺនៅឆ្នាំនេះ អត្រាភ្ជួររាស់ដោយគោក្របីមានតែជាង៨% ប៉ុណ្ណោះ ក្រៅពីនោះគឺប្រើគ្រឿងយន្តទាំងអស់ ដែលពួកគាត់ភាគច្រើន ជាគ្រួសារ និងឪពុកម្តាយ របស់កម្មករដែលកូនផ្ញើរលុយឱ្យ ដើម្បីជួលគ្រឿងយន្ត៕



No comments:

Post a Comment