Thursday, December 08, 2016

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងវិនិយោគក្នុងប្រទសកម្ពុជា មិនចាំបាច់ទាល់តែគេកាន់អំណាចនោះទេ!

ថ្លែងក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃដំណើរការរបស់ក្រុមហ៊ុន មីនីបៀរ (Minebea) នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្មានការរើសអើងការវិនិយោគនោះទេ ព្រោះជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ មានវិនិយោគបរទេសជាច្រើនកំពុងវិនិយោគដូចជាក្រុមហ៊ុនបារាំងវិនិយោគនៅព្រលា   នយន្តហោះ ក្រុមហ៊ុនកូកាកូឡាអាមេរិក និងក្រុមហ៊ុនជប៉ុន និងមានវិនិយោគបរទេសដទៃយ៉ាងច្រើនទៀត
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដែលអនុញ្ញាតឱ្យវិនិយោគដោយមិនចំបាច់មានម្ចាស់ភាគហ៊ុនក្នុងស្រុក និងការអនុញ្ញាតផ្តល់ទិដ្ឋាការរយៈពេលវែង រយៈពេលយូរសម្រាប់អ្នកវិនិយោគ គឺជាគោលនយោបាយថ្មីលើវិស័យឧស្សាហកម្មរបស់កម្ពុជា ២០១៥-២០២៥ ដែលកម្ពុជា ត្រូវការជំរុញការអភិវឌ្ឍបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា មានអ្នកខ្លះគេថា « ទាល់តែគេកាន់អំណាច ទើបមានក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនជប៉ុន មានក្រុមហ៊ុនបរទេសមកវិនិយោក រហូតនិយាយទៀតថាទាល់តែគេធ្វើជាប្រធានធនាគាជាតិ ទើបជប៉ុនឱ្យខ្ចីលុយ »។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា មិនមែនទាល់តែអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាចទើបមានអ្នកមកវិនិយោគនោះទេ សំខាន់បំផុតសភាពការណ៍វិនិយោគប្រទេសរបស់យើង ផ្តល់លទ្ធភាពឱ្យគេវិនិយោគឬអត់? ជាក់ស្តែងដោយសារស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេស ទើបធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើនមកវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងចំណោមនោះក្រុមហ៊ុន មីនីបៀរផ្ទាល់ ក្នុងរយៈពេលប្រាំឆ្នាំ បានបង្កើនការវិនិយោគពីជាង ២០លានដុល្លា ទៅដល់ជាង ២០០លានដុល្លារអាមេរិក ផ្ទុយពីមនុស្សមួយចំនួនដែលតែងតែញុះញង់ឱ្យកម្មករ កម្មការីនី ធ្វើបាតុកម្មដើម្បីទាមទារតម្លើងប្រាក់ខែ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំណូមពរឱ្យកម្មករ កម្មការីនី ខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អ ថៅកែក្រុមហ៊ុន នឹងតម្លើងប្រាក់ខែឱ្យ៕







No comments:

Post a Comment