Thursday, December 08, 2016

លោក​ ហ៊ុន សែន អរគុណ​ក្រុមហ៊ុន Minebea របស់​ជប៉ុន ដែល​ជឿទុក​​ចិត្តលើ​រដ្ឋាភិ​បាល​ ហើយ​បានរួម​​ចំណែក​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណដល់ក្រុមហ៊ុន Minebea ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងរួម ចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសចូលរួមអបអរសាទរខួប ៥ឆ្នាំ របស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា រោងចក្រនេះ គឺប្រៀបដូចជាកូនដែលលោក បានបង្កើតតាំងពីដើមទុនជាង ២៣ លានដុល្លារ នៅឆ្នាំ ២០១១ រហូតឈានដល់២០០លានដុល្លារនៅឆ្នាំ២០១៦នេះ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នរោងចក្របានផ្តល់ការងារដល់បុគ្គលិកកម្មករជាង ៥០០០នាក់។ជាមួយគ្នានេះ បច្ចុប្បន្នក្រុមហ៊ុន Minebea បានបន្ថែមប្រាក់វិនិយោគជាង ២៥០ លានដុល្លារ ទៀត ក្នុងការសាងសង់រោងចក្រ៣ថែមទៀត នៅកម្ពុជា ដែលគ្រោងបន្ថែមបុគ្គលិកកម្មករជាង ២០០០០នាក់។ ក្រុមហ៊ុននេះគឺផលិតគ្រឿងម៉ាស៊ីន បង្គំខ្សែភ្លើង និងម៉ូទ័រមានគុណភាពគ្រប់ប្រភេទ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងភាពគ្មានការរើសអើង គឺបានផ្តល់បរិយាកាសល្អ និងលទ្ធភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏មិនតម្រូវការចាំបាច់អោយមានការចូលរួមពីភាគហ៊ុនក្នុងស្រុកឡើយ ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់អ្នកធុរកិច្ចជប៉ុនដែលមកកម្ពុជា។
លោក ហ៊ុន សែន ក៏បានអរគុណដល់ក្រុមហ៊ុនដែលយកចិត្តទុកដាក់ផ្តល់នូវលក្ខខណ្ឌការងារ ល្អៗដល់កម្មកករទាំងអស់។ លោក ក៏បានជូនពរក្រុមហ៊ុន Minebea ទួលបានជោគជ័យធំៗ និងបន្តប្រារព្ធខួប១០០ ឆ្នាំជាបន្តទៀត៕






No comments:

Post a Comment