Thursday, December 08, 2016

លោក កែវ រ៉េមី៖ រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ

(ភ្នំពេញ)៖ ក្នុងឱកាសជួបជាមួយបងប្អូនជនពិការជាមន្ត្រីរាជការ នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ  លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាង លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ។
នៅក្នុងឱកាសសំណេះសំណាលនោះ លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំដំណើរការកម្មវិធីជួបជុំនេះ ជាពិសេស លោក ក៏សូមថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព និងសុខទុក្ខរបស់បងប្អូនមន្រ្តីរាជការជាជនពិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ក៏បានថ្លែងកោតសរសើរដល់មន្រ្តីរាជការជាជនពិការទាំងអស់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបម្រើការងារដោយយកចិត្តទុកដាក់ ហើយលោក ក៏បានបញ្ជាក់ថា សង្រ្គាម បានបន្សល់ទុកនូវជនពិការ និងការព្រាត់ប្រាស់គ្រួសារ។ លោក កែវ រ៉េមី ក៏បានអំពាវនាវឱ្យ រួមគ្នាជាមួយរដ្ឋាភិបាល ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់ប្រមុខរដ្ឋាភិបាល ចៀសវាងការបង្កសង្រ្គាមវិនាសកម្ម លុះត្រាតែសន្តិភាពទេ ទើបអាចធានាបាននូវការការពារសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
លោករដ្ឋលេខាធិការ ក៏បានថ្លែងថា រដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពដូចជាស្វែងរកកន្លែងស្នាក់នៅ ចែកដីធ្លី និងលំនៅដ្ឋានដល់ជនពិការ រួមទាំងមានលិខិតបទដ្ឋាន និងគតិយុត្តិផ្សេងៗដើម្បីសម្រួលដល់ជនពិការផងដែរ។ ពាក់ព័ន្ធនឹងពិការភាពនេះផងដែរ លោក បានថ្លែងថា រដ្ឋាភិបាល ដាក់ចេញនូវយុទ្ធនាការជាច្រើនដើម្បីកាត់បន្ថយអត្រាពិការភាពនៅកម្ពុជា ដូចជា ចាក់ថ្នាំវ៉ាក់សាំងការពារមាតា និងទារក អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដែលអាចបង្កឱ្យមានការស្លាប់ និងពិការ ហើយជាពិសេសគឺការពារ និងថែរក្សាសន្តិភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។
នៅក្នុងឱកាសនោះផងដែរ តំណាងមន្រ្តីរាជការដែលជាជនពិការនៃទីស្តីការគណៈរដ្ឋមន្រ្តីទាំង៣៦រូប បានឡើងថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានរៀបចំប្រារព្ធពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជាជនពិការ ដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យពិការភាព និងធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចជូនអង្គភាពឱ្យសម្រេចជោគជ័យ៕





No comments:

Post a Comment