Thursday, December 08, 2016

ក្រសួង​បរិស្ថាន​បើកកិច្ច​ប្រជុំស្តីពី​បច្ចុប្បន្ន​ភាពនៃប្រព័ន្ធវាយ​តម្លៃហេតុ​ប៉ះពាល់បរិ​ស្ថានលើ​​គម្រោង​អភិវឌ្ឍ

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព នៃប្រព័ន្ធវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងអភិវឌ្ឍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីត្រួតពិនិត្យការងារសម្របសម្រួលរបស់អង្គភាពជំនាញ សមត្ថភាពជំនាញរបស់ក្រុមហ៊ុនទីប្រឹក្សា បែបបទនីតិវិធីនៃការពិនិត្យផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងដំណើរការការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តាមរយៈការដាក់ចេញនូវវិធានការណ៍ជាលក្ខណៈយុទ្ធសាស្ត្រ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងការវិវឌ្ឍរបស់សង្គមជាតិ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងបរិស្ថានកំណត់នូវលក្ខណៈវិនិច្ឆ័យសម្រាប់តំបន់គម្រោងអភិវឌ្ឍនានា ទាំងសាធារណៈ និងឯកជន។ លោកក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសម្ចាស់គម្រោងអភិវឌ្ឍ និងក្រុមហ៊ុនទីប្រឹក្សាចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងការជំរុញឱ្យការប្រមូលមូលនិធិបរិស្ថាន និងសង្គមសម្រេចបានជោគជ័យ និងមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីស្តារបរិស្ថានឡើងវិញ ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ សំដៅធានាឱ្យបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
អង្គប្រជុំបានសម្រេចបង្កើតបន្ថែមនូវយន្តការសម្របសម្រួលទាំងការងាររដ្ឋបាល និងបច្ចេកទេស ដើម្បីឱ្យដំណើរការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយបើកទូលាយឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ៕




No comments:

Post a Comment