Thursday, February 23, 2017

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក វាយតម្លៃចំពោះស្ថានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (USABC) នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជម្រាបជូនភាគីភ្ញៀវសង្ខេបពីតួនាទីភារកិច្ច ទទួលខុសត្រូវរបស់ក្រសួងលើការងារស្នូលរបស់ខ្លួន ដោយលោកបានលើកពីវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យសហគ្រាសធុនតូច និងមធ្យម ទឹកស្អាត បច្ចេកវិទ្យា ស្តង់ដារ មាត្រាសាស្ត្រ វាយតម្លៃទទួលស្គាល់ និងកម្មសិទ្ធិបញ្ញាជាដើម ដែលវិស័យទាំងអស់នេះ ក្រសួងកំពុងយកចិត្តទុកដាក់ជំរុយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍរបស់ក្រសួង ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីលក្ខណៈពិសេស និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដោយកម្ពុជាមានច្រកទីផ្សារនាំចេញទៅក្រៅប្រទេសនូវមុខទំនិញរាប់ពាន់មុខដោយមិនជាប់ពន្ធ និងមិនជាប់កូតា ក្នុងលក្ខខណ្ឌកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួច ជាសមាជិកអាស៊ាន និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ លោកបានអំពាវនាវ ឱ្យវិនិយោគិនអាមេរិកចាប់អារម្មណ៍ មកបណ្តាក់ទុននៅ កម្ពុជាឱ្យបានកាន់តែ ច្រើនឡើង ស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងតម្លាភាពនៃក្របខណ្ ឌច្បាប់ដែលអាច ប៉ាន់ប្រមាណបាន។
លោក Mark Lewis ប្រធានក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក បានវាយតម្លៃខ្ពស់ចំពោះស្ថានភាព សេដ្ឋកិច្ចរីកចម្រើននៅកម្ពុជា។ ក្នុងនោះ បានកោតសរសើរនូវការដឹកនាំប្រកបដោយបទពិសោធន៍របស់លោក ចម ប្រសិទ្ធ ដែលធ្វើឱ្យវិស័យសំខាន់ៗរបស់ក្រសួង ត្រូវបានលើកកម្ពស់ និងពង្រឹងគុណភាព ជាពិសេសគឺវិស័យស្តង់ដារ ទឹកស្អាត និងវិស័យកម្មសិទ្ធិបញ្ញា ។
សូមបញ្ជាក់ថា USABC តំណាងដោយក្រុមហ៊ុនធំៗ ជាង៥០០ ក្រុមហ៊ុន ដូចជាក្រុមហ៊ុន Ford, Coca-Cola, Microsoft, Chevron ជាដើម។ ក្នុងជំនួបពិភាក្សាថ្ងៃនេះ មានតំណាងក្រុមហ៊ុនចំនួន១៤ មានដូចជា RMA Group ,Ford, Microsoft, Coca-Cola, 3M, DOW, Elanco. ConocoPhillips និង GE ជាដើម ។
ស្ថិតក្នុងឱកាសនោះ លោក ចម ប្រសិទ្ធ ក៏បានឆ្លើយសំណួរភាគីក្រុមហ៊ុន ដែលចង់ស្វែងយល់ពីវិស័យស្តង់ដារ ទំនិញ ស្តង់ដាររថយន្ត និងវិស័យកម្មសិទ្ធិបញ្ញា។ ទាក់ទងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ លោកបានជម្រាប ជូនពីកិច្ចសហការរបស់ក្រសួងជាមួយការិយាល័យកម្មសិទ្ធិបញ្ញា សឹង្ហបុរី ជប៉ុន និងសហគមន៍អឺរ៉ុប លើការងារចុះបញ្ជី ទទួលស្គាល់ និងកិច្ចការពារផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent) គ្នាទៅវិញទៅមក និងក៏មានបំណងសហការធ្វើជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីទាញទំនុកចិត្តវិនិយោគិនអាមេរិកមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើង៕




No comments:

Post a Comment