Thursday, February 23, 2017

មន្ត្រី​ការ​ទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​លើ​លោក គីម ជុងណាម

ម៉ាឡេស៊ី៖ នគរបាលម៉ាឡេស៊ីបានបង្ហាញឈ្មោះមន្ត្រីស្ថានទូតជាន់ខ្ពស់កូរ៉េខាងជើង ដែលពួកគេចង់សួរចម្លើយពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម បងប្រុសម្ដាយ ទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។លោក ហុង ក្វាងសុង ស្ថិតនៅក្នុងចំណោម ជនសង្ស័យកូរ៉េខាងជើង ៣នាក់ផ្សេងទៀតដែលគេតាមរក ជាមួយនឹងនិយោជិកម្នាក់ នៅក្នុង ក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូរ៉េខាងជើង។
គួរឲ្យដឹងថា ក្រុមនគរបាលបានអះអាងថា លោក គីម ជុងណាម បានស្លាប់ក្រោយពេលស្ត្រី ២នាក់យកក្រណាត់ដែលសារធាតុពិលមកគ្របមុខលោក នៅឯអាកាសយានដ្ឋានកូឡាឡាំពួរ។ ទោះបីជាយ៉ាងណាក៏ដោយស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសម៉ាឡេស៊ី បានធ្វើច្រានចោលអំណះអំណាងមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយពួកគេបានអះអាងថា ការពិតនោះត្រង់ថា សារធាតុមាននៅក្នុងដៃរបស់ស្ត្រីទាំងពីរនាក់នេះបង្ហាញថា គ្មានជាតិពុលនោះទេ ហើយពួកគេបានអំពាវនាវសុំឲ្យដោះលែងស្ត្រីសង្ស័យ ២នាក់ និងបុរសជនជាតិកូរ៉េខាងជើងម្នាក់។
ថ្លែងទៅកាន់សន្និសីទកាសែតកាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅក្នុងទីក្រុងកូឡាឡាំពួរស្នងការនគរបាលជាតិម៉ាឡេស៊ីលោក ខាលីដ អាប៊ូបាកា បាននិយាយថា ពួកគេកំពុងស្វែងរកជនជាតិកូរ៉េខាងជើង ៣នាក់បន្ថែមទៀត ហើយម្នាក់ក្នុងចំណោមពួកគេគឺលោក យ៉ុង ក្វាងសុង អាយុ ៤៤ឆ្នាំដែលជារដ្ឋមន្ត្រីថ្នាក់ទី២ ក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងកូឡាឡាំពួរ។ រីឯ ២នាក់ផ្សេងទៀតគឺលោក គីម អ៊ុក អាយុ ៣៧ឆ្នាំបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ Air Koryo និងម្នាក់ទៀតគឺជាជនជាតិកូរ៉េខាងជើងឈ្មោះ រី ជូអ៊ូ។ លោក ខាលីដ អាប៊ូបាកា បាននិយាយថា ពួកលោកបានផ្ញើលិខិតជាលាយលក្ខណ៍អក្សរ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី ដើម្បីសុំឲ្យប្រគល់ខ្លួនលោក យ៉ុង មកឲ្យក្រុមនគរបាលសាកសួរ និងជងសង្ស័យដ៏ទៃទៀត។ លោកបានបញ្ជាក់ថា បើសិនជាឯកអគ្គរដ្ឋទូតមិនព្រមសហការ យើងនឹងបង្ខំឲ្យពួកគេឲ្យចូលខ្លួន។ ក្រុមនគរបាលបាននិយាយផងដែរថា សន្តិសុខត្រូវបានរឹតបន្តឹងផងដែរនៅសាលតម្កល់សពលោក គីម ជុងណាម ក្រោយមានការប៉ុនប៉ងទម្លាយចូលកាលពីដើមសប្ដាហ៍នេះ៕

No comments:

Post a Comment