Thursday, February 23, 2017

ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា

ដោយផ្តើមចេញពីការស្រឡាញ់ភាសាបរទេស និងចង់ក្លាយជាអ្នកទំនាក់ទំនងការបរទេសមួយរូប គួបផ្សំនឹងទេពកោសល្យរបស់ខ្លួនផងនោះ កញ្ញា ឡេង គឹមទាង បានស្រវាស្រទេញសិក្សារៀនសូត្រភាសាបរទេស យ៉ាងហោចណាស់៦ភាសា ដោយក្នុងនោះរួមមានភាសាអង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន និងភាសាអាល្លឺម៉ង់ផងដែរ។ ហេតុតែចំណង់ចង់ក្លាយជា អ្នកទំនាក់ទំនងការបរទេសដែលជាគោលបំណងចម្បង ក្នុងជីវិត បានជំរុញទឹកចិត្តកញ្ញាឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសម្តងបន្តិចៗដោយឥតដឹងខ្លួន។
ថ្វីបើអ្នកអាចនិយាយបានច្រើនភាសាពុំមែនជារឿងអស្ចារ្យសម្រាប់សាធារណជនទូទៅក៏ដោយចុះ ក៏ប៉ុន្តែអ្វីដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រវត្តិសិក្សាដ៏លំបាករបស់កញ្ញា ឡេង គឹមទាង ឯណោះទៅវិញទេ។ មែនទែនទៅ ការសិក្សាត្រឹមតែមួយភាសាគឺវាពិបាកណាស់ទៅហើយ ចុះទម្រាំអ្នករៀនរហូតដល់ទៅ៧ភាសាលំបាកកម្រិតណាដែរ? ទាក់ទិននឹងដំណើរជីវិតនិងការសិក្សា កញ្ញាចេះនិយាយច្រើនភាសារូបនេះ ថ្លែងដោយសម្តីត្អូញត្អែរថា ការសិក្សាលើមុខវិជ្ជាណាក៏ដូចជាមុខវិជ្ជាណាដែរ គឺមិនស្រួលទេ ហើយប្រសិនបើប៉ះចំលើបុគ្គលណាដែលមានជីវភាពខ្សត់ខ្សោយ និងគ្មានការតស៊ូក្នុងការស្វាធ្យាយសិក្សារៀនសូត្រផងនោះគឺស្ទើរតែមិនអាចទ្រាំបាន។ ប៉ុន្តែដោយសារតែការចង់ចេះភាសាទាំងនោះ នារីខ្មែររូបនេះ ស្ទើរតែហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិត ដើម្បីតែការសិក្សានេះ។ គេបានលះបង់ភាពសុខស្រួលដោយរស់នៅអណ្តែតត្រសែតឆ្ងាយ ពីម្តាយឪពុក ហើយក៏ព្រោះតែការចង់ចេះភាសាទាំងនេះដែរ ដែលធ្វើឱ្យនារីគ្មានភាពក្លាហានរូបនេះក្លាយទៅជា នារីម្នាក់ដ៏ស្វាហាប់ រហ័សរហួន និងហ្មត់ចត់ទៅលើកិច្ចការផងដែរ។ ក្រៅតែពីការលះបង់ច្រើន ក៏ទាមទារឱ្យមានការស្រឡាញ់ ការយកចិត្តទុកដាក់ និងទេពកោសល្យផងដែរ ទើបកញ្ញាអាចរៀនសូត្របានច្រើនភាសាយ៉ាងដូច្នេះ។
កញ្ញា ឡេង គឹមទាង បន្តថា កាលខ្លួនរៀននៅសាកលវិទ្យាល័យបាន ចាប់យកជំនាញអក្សរសាស្រ្តអង់គ្លេសផង ហើយឆ្លៀតរៀនភាសាផ្សេងៗទៀតផង។ ទន្ទឹមនឹងនោះ កញ្ញាក៏ថែមទាំងឆ្លៀតរៀនជំនាញប្រវត្តិសាស្រ្តខ្មែរផងដែរ។ ការសិក្សាបែបនេះបានធ្វើឱ្យខ្លួនរវល់ជាប់ជានិច្ច កុំថាឡើយពេលកម្សាន្ត សូម្បីតែពេលញ៉ាំបាយ និងគេងក៏សឹងតែគ្មានដែរ។
មានពេលខ្លះនោះ នាងថែមទាំងឆ្លៀតធ្វើការក្រៅម៉ោងសិក្សា ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផង និងដើម្បីដកបទពិសោធការងារក្នុងសង្គមផង។ តាមរយៈការជម្នះឧបសគ្គទាំងនេះ បានធ្វើឱ្យនាងក្លាយទៅជាបុគ្គលម្នាក់ថ្នឹកក្នុងការសិក្សា រហូតទទួលបានជោគជ័យខាងការប្រើប្រាស់ភាសាបរទេសដែលខ្លួនបានរៀននោះម្តងបន្តិចៗដោយឥតដឹងខ្លួន។
ដ្បិតកញ្ញារូបស្រស់នេះ មានទេពកោសល្យក្នុងការប្រើប្រាស់ភាសាទាំងនេះក្តី ក៏បំណងចម្បងក្នុងជីវិតនាងនៅពុំទាន់ជោគជ័យនៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ នាងបានសម្រេចគោលបំណងជីវិត ដែលជាជម្រើសទី២បានយ៉ាងល្អប្រសើរដែរ។ ពោលគឺ ឡេង គឹមទាង បានក្លាយទៅជានាយិការងនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានមួយមានឈ្មោះបោះសំឡេងខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា ខាងបណ្តុះបណ្តាលផ្នែកភាសាបរទេសដែរ៕



No comments:

Post a Comment