Thursday, February 23, 2017

ក្រសួង​ទេសចរណ៍ បង្ហា​ញលទ្ធផល​នៃកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិវាយ​តម្លៃទី​ក្រុងស្អាត​

ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ មានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មកពីក្រសួង-ស្ថាបន័ពាក់ពន្ធ័ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សរុបប្រមាណ៧០រូប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ៣ សំខាន់រួមមាន៖ ទី១-ការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ទី២-ការរាយការណ៍ពីជ័យលាភីរង្វាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ និងទី៣-ការរាយការណ៍ពីជ័យលាភីបដិសណ្ឋាកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិលើកទី១។
ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ នឹងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» អមជាមួយនឹងពិធីចែកជ័យលាភី «រង្វាន់លោកនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី២ និងជ័យលាភី «បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិ» លើកទី១ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ដោយឡែកក្នុងឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបន្ថែមប្រភេទរង្វាន់រហូតដល់ចំនួន ៧ប្រភេទ ដោយបន្ថែម១ប្រភេទរង្វាន់ទៀតគឺ «រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខែ្មរ» ដែលរង្វាន់នេះចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលរបស់ប្រជាកសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងចូលរួមដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
តាមការគ្រោងទុក ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «ការគាំទ្រការប្រើប្រាស់ផលិតផលខែ្មរក្នុងឧស្សហកម្មទេសចរណ៍» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងវេទិការជាតិធុរកិច្ចបៃតង ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

No comments:

Post a Comment