Thursday, February 23, 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រធានរដ្ឋប្រទេសឡាវ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ព្រំដែននៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារកម្រិតទ្វេភាគីជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) នៅវិមានសន្តិភាព។
នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រមុខរដ្ឋនៃប្រទេសកម្ពុជានិងឡាវបានផ្តោតសំខាន់ទៅលើការជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ជាពិសេសភាគខាងត្បូងនៃប្រទេសឡាវ និងភាគឥសាន នៃព្រះរាជាណាចក្រកម្ពុជាតែម្តង។ នៅក្នុងចំណុចនេះ គឺភាគីទាំងពីរបានឯកភាពជំរុញឱ្យមានការតភ្ជាប់ទាំងបណ្តាញអគ្គីសនី បណ្តាញផ្លូវគោក ផ្លូវទឹក និងផ្លូវដែកជាដើម។ ជាងនេះទៅទៀត ស្របពេលដែលមានការកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេស កម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ មានភាពល្អប្រសើរហើយនោះ លោក ប៊ុនញ៉ាំង វរជិត ក៏ចង់ជំរុញបន្ថែមទៅលើការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមកផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍតំបន់ត្រីកោណ។
នៅក្នុងចំណុចនេះ ប្រមុខរដ្ឋទាំងពីរក៏បានឯកភាពគ្នាក្នុងការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម រវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ភាគីកម្ពុជា និងឡាវ កាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ បានបើកសម្ពោធច្រកទ្វារអន្តរជាតិ រួមនឹងអគារទីស្នាក់ការច្រកត្រួតពិនិត្យ ត្រពាំងក្រៀល-ណងណុកខៀន ដែលជាច្រកទ្វារអន្តរជាតិទ្វេភាគីដំបូងរវាងប្រទេសទាំងពីរដែលជាការជួយសម្រួលយ៉ាងសំខាន់ដល់ទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់។
ហើយភាគីទាំងពីរក៏បានឯកភាពបន្តសហការគ្នាឱ្យកាន់តែប្រសើរក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផងដែរ៕



No comments:

Post a Comment