Thursday, February 23, 2017

កម្ពុជាលើកយកការរីកចម្រើន នៃវិស័យទូរគមនាគមន៍បង្ហាញអន្តរជាតិ ក្នុងសន្និសីទស្តីពីការតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌា

ឥណ្ឌា៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ ចំនួន៦រូប ចូលរួមក្នុងសន្និសីទស្តីពីការតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌា (ASEAN-India Digital Connectivity) ដែលជាការរំលឹកដល់ខួបលើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា (Commemoration of 25th Anniversary of ASEAN-India Dialogue Partnership) និងពិធីតាំងពិព័រណ៌ធុរកិច្ចអន្តរជាតិស្តីពី ទូរគមនាគមន៍នៅប្រទេសឥណ្ឌា នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
កម្មវិធីនេះ រៀបចំឡើងដោយក្រសួងគមនាគមន៍ឥណ្ឌា និងក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញ ឧបករណ៍សម្ភារៈបរិក្ខារ និងសេវាទូរគមនាគមន៍ឥណ្ឌា។
នៅក្នុងសន្និសទីនៃកម្មវិធីខាងលើ លោក Manoj Sinha រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានបំណងចង់ធ្វើជាដៃគូជាមួយអាស៊ានក្នុងការតភ្ជាប់ឌីជីថល រវាងអាស៊ាន និងឥណ្ឌា ដែលមានដូចជា ការតភ្ជាប់អ៊ីនធើណិតល្បឿនលឿននៅក្នុងបណ្តាប្រទេសអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់អ៊ីនធើណិតល្បឿនលឿនរវាងបណ្តាប្រទេសអាស៊ានជាមួយនឹងប្រទេសឥណ្ឌា។
លោក Manoj Sinha បានបន្ថែមឱ្យដឹងថា ការតភ្ជាប់នេះមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់
ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន និងឥណ្ឌា ហើយឥណ្ឌានឹងជួយដល់ បណ្តាប្រទេស អាស៊ាននូវការគាំទ្រផ្នែកបច្ចេកទេស និងឥណទានសម្រាប់ការអភិវឌ្ឍគម្រោងនៃការតភ្ជាប់នេះ។
ជាមួយគ្នានោះដែរ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើង អំពីការរីកចម្រើននៃវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ហើយ លោកក៏បានរំលឹកផងដែរអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ក្នុងវិស័យនេះនាពេលបច្ចុប្បន្ន និងពេលកន្លងមក។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអត្រានៃការប្រើប្រាស់ស៊ីមកាតទូរសព្ទដៃចំនួន ១២៣% និងអត្រានៃការប្រើប្រាស់អ៊ីនធើណិតចំនួន ៤៨% ។ កម្ពុជាបានតភ្ជាប់បណ្តាញខ្សែ កាបអុបទិក ស្ទើរតែពាសពេញប្រទេស ហើយកំពុងតភ្ជាប់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលតភ្ជាប់ដោយផ្ទាល់ ជាមួយប្រទេសថៃ និងមាឡេស៊ី និងតភ្ជាប់ទៅកាន់ខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិអាស៊ី-អាមេរិក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។
លោក ខាយ ឃុនហេង សង្ឃឹមថា គម្រោងតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌានឹងឆ្លើយតបទៅនឹងការអនុវត្តផែនការ ច្បាប់និងគោលនយោបាយនេះហើយអាចចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
គួរបញ្ជាក់កម្មវិធីខាងលើ ក៏មានមានការអញ្ជើញចូលរួមដោយ តំណាងក្រសួងទូរគមនាគមន៍ -បច្ចេកវិទ្យា គមនាគមន៍  និងព័ត៌មាននៃបណ្តាប្រទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មាន វិទ្យាបង់ក្លាដែស រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃព្រះរាជាណាចក្រប៊ូតាន ព្រមទាំងតំណាង ក្រុមហ៊ុនទូរគមនាគមន៍នៃបណ្តាប្រទេសអាស៊ាន អាហ្វ្រិក និងតំណាងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៃ ប្រទេសឥណ្ឌា៕


No comments:

Post a Comment