Thursday, February 23, 2017

លោក សុខ ឥសាន ៖ ការបង្ក្រាបអ្នកតវ៉ា លទ្ធផលបោះឆ្នោត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣កុម្ភៈឆ្នាំ២០១៧នេះ បាន​លើក​ឡើង​ថា ចាប់តាំងពីមានការបោះឆ្នោតសកលប៉ុន្មានលើកកន្លងទៅ សម រង្សី មេបក្សប្រឆាំង តែងតែដឹកនាំធ្វើ​បាតុ​កម្ម​តូច-ធំ និងប្រព្រឹត្តអំពើអនាធិបតេយ្យផ្សេងៗ តវ៉ាលទ្ធផលបោះឆ្នោត ដោយសំអាងទ្បេះនេះ ទ្បេះនោះ តាមការ​នឹក​ឃើញរបស់ខ្លួន រហូតដល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ បាត់បង់​អាយុ​ជីវិត​របស់​មនុស្សទៀតផង។ លោក សុខ ឥសាន បញ្ជាក់ថា ពេលនោះទាំងបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំង សុទ្ធតែនាំគ្នា​ថ្កោល​ទោសរាជរដ្ឋាភិបាលថា ប្រើអំពើហិង្សា រំលោភសិទ្ធិមនុស្ស ធ្វើឲ្យប៉ះពាល់ដល់​លទ្ធិប្រជាធិប​តេយ្យរបស់​ប្រទេស។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ប៉ុន្តែ នាពេលថ្មីៗនេះ សម រង្សី ដែលភ្លើតភ្លើន នឹងជ័យ​ជំនះ​ខ្យល់របស់ខ្លួន ក៏ស្រមើស្រមៃថា ខ្លួនឈ្នះឆ្នោត ទាំងមិនទាន់ដល់ថ្ងៃបោះឆ្នោតផងថា នឹងបង្ក្រាប​រាល់​សកម្មភាព​ណា ដែលប្រឆាំងលទ្ធផលបោះឆ្នោត ហើយមិនព្រមប្រគល់អំណាច។
លោក សុខ ឥសាន អះអាងថា ដូច្នេះ ពាក្យនិយាយរបស់អតីតមេបក្សប្រឆាំងរូបនេះមានន័យថា ការបង្ក្រាប​សកម្មភាព​តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតដឹកនាំដោយ សម រង្សី កន្លងទៅ គឺជាការត្រឹមត្រូវ ហើយរាល់ការ​ខូច​ខាត និងបាត់បង់អាយុជីវិតមនុស្ស គឺជាការទទួលខុសត្រូវរបស់មេដឹកនាំបាតុកម្មតវ៉ានោះ៕

No comments:

Post a Comment