Thursday, February 23, 2017

លោក ថោង ខុន ជំរុញឱ្យសហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបង្កើនសមត្ថភាព ដើម្បីត្រៀមចូលប្រកួតប្រជែងថ្នាក់ពិភពលោក

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ជំរុញ និងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍ ដែលជាធនធានថ្មីៗរបស់កម្ពុជា ត្រូវបង្កើនសមត្ថភាព និងបទពិសោធន៍របស់ខ្លួន ឱ្យបានច្បាស់លាស់ទាំង ចំណេះដឹង និងចំណេះធ្វើ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ជាមួយសហគ្រិនវ័យក្មេងពិភពលោក នៅឆ្នាំ២០១៧ លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការត្រៀមខ្លួនរបស់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង វ័យក្មេងពិភពលោក ឆ្នាំ២០១៧» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកបានណែនាំឱ្យសហគ្រិនវ័យក្មេង ដែលទើបដំណើរការ អាជីវកម្មរបស់ខ្លួន ចូលរួមប្រកួតប្រជែងសហគ្រិនវ័យក្មេងពិភពលោក ដោយក្រសួងទេសចរណ៍ និងជួយសម្រួលរៀបចំឯកសារចូលរួមប្រកួតដែលនឹងប្រកាសជ័យលាភី នាឱកាសទិវាទេសចរណ៍ពិភពលោក នៅទីក្រុង Lucern ប្រទេសស្វីស នៅខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ និងផ្ដល់ឱកាសឱ្យសហគ្រិនវ័យក្មេងកម្ពុជា ទទួលបាននូវគំនិតថ្មីៗ ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ព្រមទាំងចូលរួមផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។
លោក ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ និងផ្ដល់អ្នកជំនាញបរទេស ជួយបណ្ដុះបណ្ដាលដល់សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ ដែលមានតម្រូវការផ្នែកបច្ចេកទេស ក្នុងការបង្កើតអាជីវកម្មថ្មី ដោយក្រសួងទេចរណ៍នឹងអញ្ជើញអ្នកជំនាញ ជាង៧០០នាក់ ក្នុងបណ្ដាញរបស់ខ្លួន ដែលភាគច្រើនជាអ្នកជំនាញចូលនិវត្តន៍ មានបទពិសោធន៍ខ្ពស់ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact។
លោកក៏បានដាក់អនុសាសន៍ឱ្យមណ្ឌលអាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមអប់រំបណ្ដុះបណ្ដាលជំនាញ ដល់បុគ្គលិករបស់ខ្លួន ក្នុងទម្រង់ជួយបណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រង ឱ្យមានសមត្ថភាព បណ្ដុះបណ្ដាល បន្តដល់បុគ្គលិករបស់ខ្លួន។
សូមរំលឹកថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ កើន៤.៦% ដោយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា សរុប ២.៣លាននាក់ ក្នុងនោះបង្កើតការងារផ្ទាល់ ១.២លាននាក់ ស្មើនឹង១៤% នៃការងារសរុប និងនាំចំណូលចូលថវិកាជាតិ ជាង៣ពាន់លានដុល្លារ ស្មើនឹង១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP)៕


No comments:

Post a Comment