Thursday, February 23, 2017

លោក ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មានដើមត្នោតបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់លោកទាំងជាង ២០នាក់នោះ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារដូចខាងក្រោម៖
ដល់ខួបបង្កើតរឿងប្លែកៗទៀតហើយ គ្រាន់តែចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺ បើកទូរសព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មានប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេ ដោយថាខ្ញុំមានជំនួយការដល់ទៅជាង២០នាក់ ហើយពាក់សុទ្ធតែសក្តិ៥។ អានភ្លាម ខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាលរហូតដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មីដែលធ្វើឱ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត។
ពេលជាមួយគ្នា ខ្ញុំក៏ឆ្ងល់ថាតើជំនួយការរបស់ខ្ញុំសក្តិ៥ ទាំង ២០នាក់ជាងនោះមកពីណាហើយមានឈ្មោះអ្វីខ្លះ? ខ្ញុំ ក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ ៣ ដងហើយខំប្រឹងមើលថាតើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោលគឺមានបង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង ២០នាក់ដែលសុទ្ធតែជាសក្តិ៥។
ដើម្បីឱ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាឱ្យអ្នកអានព័ត៌មានដើមត្នោត បានឃើញការពិត ខ្ញុំសូមឱ្យសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអ៊ីចឹង។ បើបានដូច្នេះ នឹងជួយឱ្យខ្ញុំអស់ឆ្ងល់ និងឱ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោតបានទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថាជាសារព័ត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ។
ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឱ្យសារព័ត៌មានដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មានដែលមានលក្ខណៈជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើ នោះគឺកែសម្រួលខ្លឹមសារព័ត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារ ឬភស្តុតាងគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ព័ត៌មានដែលខ្លួនបានចុះផ្សាយនោះទេ។ ខ្ញុំជឿថា បងប្អូនជាច្រើននាក់ ប្រាកដជាសង្ឃឹមដូចខ្ញុំដែរថា សារព័ត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នា នឹងបានដឹងការពិត ហើយក៏អាចឃើញថាសារព័ត៌មានដើមត្នោតជាសារព័ត៌មានប្រភេទណា។ សូមអរគុណទុកជាមុន៕


No comments:

Post a Comment