Thursday, February 23, 2017

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​របស់រាជរដ្ឋាភិបាល​ សង្គ្រាមកម្ពុជាក៏នៅមិនទាន់ចប់

ភ្នំពេញ៖  នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឱ្យដឹងថា បើគ្មានគោលនយោបាយ ឈ្នះ​ឈ្នះ​ របស់រាជរដ្ឋាភិបាល​ទេ​ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ ​តុលា​ ដោយចោទ
​រាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ​៧​ ខែមករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់ លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តំណាងឱ្យ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្នុងនោះដែរ លោកក៍បានថ្លែងនូវការកោតសរសើរដល់លោក ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាគ្រឿងចក្រ សម្ភារៈបច្ចេកទេស និងដឹកនាំអង្គភាពរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។
បន្ថែមពីលើនេះ លោក បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជា មានសុខសន្តិភាព កងយោធពលខេមរភូមិន្ទខិតខំពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការទំនាក់ទំនង ជាមួយនឹងដៃគូសន្តិសុខ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត, ជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធា លើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាព ការធ្វើទំនើបកម្ម ការបំពាក់​បច្ចេក​វិទ្យា​សមស្រប ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង​ សម្រាប់​បន្តវេននាពេលអនាគត។
លោកបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធ ផលធំៗជាច្រើន ថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណ រក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០ ទាំងអស់ពីសំណាក់ លោកនាយរដ្ឋមន្រ្ដី និងលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។
លោក​ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ ដល់កងពលថ្មើរជើងលេខ៧០រួមមាន អង្ករ០៥តោន, មី១០០កេស, ទឹកបរិសុទ្ធ១០០កេស, ទឹកក្រូច១០០កេស, ស្រាបៀ១០០កេស និងថវិកា ២០លានរៀល ប្រេងឥន្ទនៈ៣០០០លីត្រ និងស៉ីម៉ង់១០តោន ដោយក្នុង១អង្គភាព ប្រេងឥន្ទនៈ៣ពាន់លីត្រ៕







No comments:

Post a Comment