Thursday, February 23, 2017

លោក សុខ ឥសាន្ត៖ មីក្រូហិរញ្ញវត្ថុ?

មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​លើក​​ឡើងថា មីក្រូហិរញ្ញវត្ថុ ជាអង្គភាពហិរញ្ញវត្ថុឯកជន មានតួនាទីបំរើសេវាឥណទានឲ្យ​ប្រជាជនខ្ចី​ប្រាក់​តាម​សេចក្តីត្រូវការសំរាប់យកទៅប្រើប្រាស់ប្រកបអាជីវកម្មផ្សេងៗ និងការងារ​បង្កបង្កើន​ផលផ្សេងៗ​សំរាប់​ទ្រទ្រង់​ជីវភាពរស់នៅ។
ទោះយ៉ាងនេះក្តីលោក សុខ ឥសាន បញ្ជាក់ថា ប៉ុន្តែកន្លងទៅ មានប្រជាជនតាមជនបទមួយចំនួន​មានការ​ភាន់​ច្រទ្បំថា មីក្រូហិរញ្ញវត្ថុ ជាស្ថាប័ន និងជាអង្គភាពរបស់រដ្ឋ ដែលជាហេតុធ្វើឲ្យការទទួលខុសត្រូវ​សងបំណុល​មាន​ការធ្លាក់ចុះ ដោយសំអាងថា ជារបស់រដ្ឋ រដ្ឋមិនដែលធ្វើបាបរាស្ត្រទេ។ ជាពិសេស ក្នុងពេលដែលបក្ស​ប្រឆាំង​ឃោសនាថា បើគេឈ្នះឆ្នោត គេនឹងលប់ចោលបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារទាំងអស់ ដែល​កាន់តែធ្វើឲ្យប្រជាជនភាន់ច្រទ្បំ និងមានបំណុលវណ្ឌកថែមទៀត ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែអស់ គ្មានអ្នកណាជួយសង។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់ ដែលមានសញ្ញាសំគាល់ប្រហាក់ប្រហែល នឹងសញ្ញាសំគាល់របស់ធនាគារជាតិ ក្រសួងហិរញ្ញវត្ថុ ត្រូវ​កែ កុំឲ្យដូច ឬប្រហាក់ប្រហែល នឹងស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ  ព្រមទាំងសំណូមពរ ឲ្យប្រព័ន្ធផ្សព្វផ្សាយ ជួយ​ផ្សាយ​ជូនប្រជាជនទូទៅបានជ្រាបតទៅ។ នេះជាបំណងដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជា​អ្នកឈឺ​ឆ្អាល​ចំពោះ​សុខទុក្ខរបស់ប្រជាជន៕

No comments:

Post a Comment