Thursday, October 19, 2017

តើវោហាសាស្រ្ត​របស់លោក​ Donald Trump​ ស្តីពីកូរ៉េខាងជើង​អាចបង្កើត​សង្រ្គាមឬ?​

សិនបើប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗទេ នោះប្រទេសជាតិអាចនឹងត្រូវខាតបង់យ៉ាងធំ។
នៅក្នុងកាសែត Washington Post កាលពីថ្ងៃសុក្រលោក Michael Hirsh បានសរសេរអត្ថបទមួយដោយលើកឡើងថា «អាចមានវិធីសាស្រ្តឆ្កួតៗនៅក្នុងវិធីសាស្រ្តរបស់លោកប្រធានាធិបតី Trump» ចំពោះការផ្ទុះកំហឹង និងការប្រមាថដែលគាត់បានធ្វើទៅលើមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក Kim Jong-un។ គ្មាន «មនុស្សពូកែឆ្កួត» នៅទីនេះទេ ហើយបើសិនជាប្រធានាធិបតីមិនទទួលស្គាល់កំហុសរបស់គាត់ក្នុងពេលឆាប់ៗ នោះប្រទេសជាតិអាចនឹងខាតបង់យ៉ាងធំជាងការបៀតបៀនជាសាធារណៈទៅទៀត។
វាកាន់តែច្បាស់ថា ការផ្ទុះកំហឹង និងប្រមាថរបស់ប្រធានាធិបតីគឺដោយសារការក្រអឺតក្រទម។ ភស្តុតាងត្រូវបានលើកឡើងថា លោក Trump ជឿជាក់ថា គាត់ជាអាទិទេព ហើយមិនអាចធ្វើខុសបានទេ។ គាត់បានយកឈ្នះលើពួកឥស្សរជនសាធារណរដ្ឋទាំងមូល និងបានឈ្នះបេក្ខជនឈរឈ្មោះបឋមសំខាន់ៗដប់ប្រាំមួយនាក់។ ហើយគាត់បានឈ្នះការបោះឆ្នោតជាតិ ដែលមនុស្សជាច្រើនគិតថា មានតែលោកស្រី Hillary Clinton ប៉ុណ្ណោះដែលអាចឈ្នះ។
ឥឡូវនេះ លោក Trump ជឿថា គ្មានអ្វីដែលអាចធ្វើឱ្យគាត់ធ្លាក់ពីតំណែងបានទេហើយអ្វីដែលជាការរារាំងតិចតួចចំពោះសកម្មភាពរបស់គាត់ ហាក់បីដូចជាបានរសាយ។ គាត់មិនខ្វល់នឹងនរណាដែលគាត់ប្រមាថ រឿងអាស្រូវដែលគាត់គាស់កកាយឡើង ហើយគាត់ទំនងចាប់ក្រុមមួយជល់ជាមួយក្រុមដទៃទៀតតាមរយៈ «បំបែកបំបាក់ដើម្បីគ្រប់គ្រង»។ ជាអកុសលសម្រាប់ប្រទេសជាតិ ទោះជាយ៉ាងណាក៏ដោយការធ្វើបែបនេះបង្កើតបានជាលទ្ធផលមួយ «បែកបាក់ និងធ្វើឲ្យបរាជ័យដល់ខ្លួនឯង» ។
គាត់បានជេរប្រមាថជាសាធារណៈទៅលើមនុស្សល្បីៗនៅតាមកញ្ចក់ទូរទស្សន៍នៅពេលពួកគេនិយាយអ្វីអំពីគាត់ ដែលគាត់បកស្រាយថា អវិជ្ជមាន។ គាត់ចូលរួមក្នុងការប្រមាថជាមួយអភិបាលក្រុង គាត់ចូលរួមក្នុងការឈ្លោះគ្នាបែបកូនក្មេងជាមួយសមាជិកព្រឹទ្ធសភាហើយគាត់ថែមទាំងឈ្លោះជាមួយឥស្សរជនកីឡា និងអ្នកអត្ថាធិប្បាយផងដែរ។ គ្មានជម្លោះណាមួយទាំងអស់នេះជួយដល់ការដឹកនាំប្រទេស ការដោះស្រាយបញ្ហាធ្ងន់ធ្ងរ ឬកសាងកម្លាំងរបស់ប្រទេសជាតិនោះទេ។
រឿងពិតដែលអោយខ្លាចនោះគឺថា លោកប្រធានាធិបតី Trump គឺជាមនុស្សគ្មានវិន័យ មាក់ងាយគេឯង ហើយទង្វើរបស់គាត់ទាំងអស់គឺប្រែប្រួលតាមទំនោរចិត្តរបស់គាត់ និងទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ខ្លួនបែបជាការសរសើរឥតឈប់ឈរ។ ប្រសិនបើគាត់គ្រាន់តែជានាយកប្រតិបត្តិនៃសាជីវកម្មដ៏ធំមួយនោះ ម្ល៉េះសមឥរិយាបថរបស់គាត់គួរជាទីអាម៉ាស់មុខ និងសោកស្តាយបំផុត។ ក៏ប៉ុន្តែនៅពេលដែលគាត់មានអំណាចដើម្បីរុញប្រជាជាតិឲ្យធ្លាក់ទៅក្នុងសង្គ្រាម ឥរិយាបថរបស់គាត់ឈានទៅដល់កម្រិតមួយដែលជាកង្វល់ធ្ងន់ធ្ងរ។
ពាក្យសម្តីឆ្លើយឆ្លងរបស់លោក Trump ទៅកាន់កូរ៉េខាងជើង និងការវាយប្រហារជាលក្ខណៈបុគ្គលរបស់គាត់ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើងបានបង្កឱ្យមានការលំបាកណាស់ទៅហើយស្ទើរតែមិនអាចដោះស្រាយបាន ដោយគ្មានការប្រឈមបែបយោធា។ អ្វីដែលលោក Trump បរាជ័យក្នុងការទទួលស្គាល់នោះគឺថា ដោយសារតែសេចក្តីសម្រេចចិត្តនយោបាយបរទេសដ៏អន់ដែលធ្វើឡើងដោយប្រធានាធិបតីមុនៗ ដែលធ្វើឲ្យលោក Kim Jong-un ប្រហែលជាបានធ្វើសេចក្តីសន្និដ្ឋានរួចស្រេចទៅហើយថា គាត់មិនអាចទុកចិត្តអាមេរិកបានទេដើម្បីគោរពកិច្ចព្រមព្រៀងណាមួយនោះ។ ក្នុងករណីនោះ មានតែរបៀបការទូតប៉ិនប្រសព្វតែប៉ុណ្ណោះទេ ដែលធ្វើឲ្យអាមេរិកមានឱកាសដើម្បីរំលាយចោលវិបត្តិនេះដោយគ្មានសង្រ្គាម។ ការគំរាមបែបផ្តល់យោបល់មិនសមរម្យគ្រាន់តែបង្កើនឲ្យមានឱកាសសម្រាប់ការប្រយុទ្ធនូវសង្គ្រាមមួយដែលមិនចាំបាច់ និងវិនាសកម្ម។
ប្រភពជាច្រើនដែលខ្ញុំបាននិយាយជាមួយនោះគឺថា មានទីប្រឹក្សា និងមន្រ្តីជាច្រើរូបនៅក្នុងរដ្ឋបាលដែលផ្តល់ដំបូន្មានសុទ្ធតែនិយាយល្អៗទៅលើប្រធានបទជាច្រើន។ ខ្ញុំបន់ស្រន់ឲ្យលោក Trump ឆាប់ដឹងខ្លួនឲ្យបានលឿនថា ទង្វើរបស់គាត់មិនជួយដល់របៀបវារៈរបស់គាត់ ហើយក៏មិនបានជួយគាត់ដើម្បីសម្រេចកិច្ចការដែលគាត់បានសន្យាជាមួយប្រជាជនអាមេរិកដែរ៕
សរសេរដោយ លោកវរសេនីយ៍ទោ គឺជាអតីតកងទ័ពអាមេរិកដែលចូលនិវត្តន៍នៅឆ្នាំ ២០១៥ បន្ទាប់ពីបម្រើការអស់រយៈពេល ២១ រាប់បញ្ចូលទាំងការប្រយុទ្ធបួនដងផង។

ប្រភព: The National Interest ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧

No comments:

Post a Comment