Thursday, October 19, 2017

ក្រសួងការងារប្រកាសបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាទី ខេត្តតាកែវ

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ក្រសួងការងារ សូមចូលរួមរំលែកទុក្ខក្រៀមក្រំ និងការអាណិតស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ និងបានជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។

ក្រសួងបានបញ្ចាក់ថា ជនរងគ្រោះទាំងអស់ គឺបានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និង​មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការិនី និងក្រុមគ្រួសារ ទៅតាមគោលរបបសន្តិសុខសង្គមរបស់ ប.ស.ស។

គួររំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកម៉ាស៊ីនបោកស្រូវ ជាមួយរថយន្តដឹកកម្មករ ស្ថិតនៅលើផ្លូវជាតិលេខ៣ បន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ចំណុចភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបានបណ្តាលឱ្យកម្មកររងរបួសសរុបចំនួន៣៧នាក់ ក្នុងនោះស្លាប់ចំនួន០១នាក់ និងរបួសធ្ងន់ចំនួន០២នាក់៕


No comments:

Post a Comment