Thursday, October 19, 2017

កម្ពុជា-អូស្ត្រាលីចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ

កម្ពុជា-អូស្ត្រាលី ចុះអនុស្សរណៈស្ដីពីការពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយ សម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ និងការផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ដែលជាការព្រួយបារម្ភ និងការយកចិត្តទុកដាក់រួម ដែលអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី អេនជេឡា ខូខូរ៉េន ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជានៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ នឹងកំណត់នូវជំហានថ្មីមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេ្វភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា អូស្រ្ដាលី ដោយឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ ការបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី រវាងក្រសួងការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ ដោយឡែកការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា នឹងធ្វើឡើងរៀងរាល់១ឆ្នាំម្តងបើក្នុងករណីចាំបាច់ និងមានជំនួបពិគ្រោះយោបល់គ្នាញឹកញាប់។

គួរបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី មានកិច្ចសហការជាមួយគ្នា លើវិស័យជាច្រើនដូចជា វិស័យទូរគមននាគមន៍, ច្បាប់ ,អប់រំ ,សេដ្ឋកិច្ចទេសចរណ៍ ,កសិកម្ម, សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ពិសេសកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំជាមួយគ្នា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥២ មក។ ជាមួយគ្នានេះដែរ ក្នុងស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ប្រទេសយើងទាំងពីរ បានសម្រេចកិច្ចការសំខាន់ៗជាច្រើនរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយផ្លែផ្កា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី ហើយជាមួយនឹងយន្តការថ្មីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី នឹងរីកចម្រើនកាន់តែខ្លាំងទៅមុខទៀត ដើម្បីជាប្រយោជន៍ដ៏ប្រសើរបំផុត របស់ប្រជាជន និងប្រទេសយើងទាំងពីរ៕

អត្ថបទ៖ សាវឿន


No comments:

Post a Comment