Thursday, October 19, 2017

អភិបាលខេត្តកំពង់ឆ្នាំង​ អំពាវនាវ​ដល់កងកំលាំង​ប្រដាប់អាវុធ​ និងមន្រ្តីរាជការ​ត្រូវរួមគ្នា​ថែរក្សាសន្តិភាព

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធ និងមន្រ្តីរាជការនៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្ស និងទប់ស្កាត់ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសន្តិភាព ប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ដោយមានការចូលរួមពីលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការសរុបចំនួន៨៩៧នាក់។

លោក ឈួរ ច័ន្ទឌឿន ក៏បានជំរុញឲ្យមន្រ្តីរាជការគ្រប់លំដាប់ ត្រូវបន្តបំរើសេវា និងដោះស្រាយរាល់សំណូមពរ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ត្រូវលុបបំបាត់ភាពអសកម្មដែលធ្វើឲ្យមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសផ្សេងៗកុំអោយកើតមានក្នុងមូលដ្ឋានរបស់ខ្លួន សំខាន់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕




No comments:

Post a Comment