Thursday, October 19, 2017

មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង គ្មានថ្ងៃបែរចុងកាណុងទៅរាជរដ្ឋាភិបាលទេ មានតែបែរចុងកាណុងទៅសម រង្ស៊ី និង កឹម សុខា

ស្ទឹងត្រែង៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីប្រធានគណបក្សសង្រ្គោះជាតិ ដែលថា កងទ័ពប្រុងបះបោរ និងបែរចុងកាណុងទៅកាន់រាជរដ្ឋាភិបាលនោះ លោក ហួត ឈាង មេបញ្ជាការ នៃ ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនិងកងទ័ពនៅយោធភូមិភាគទី១ទាំងអស់ បានចេញមកបញ្ជាក់ជំហរ យ៉ាងដាច់ណាត់ថា កងទ័ពគ្មានថ្ងៃបែរចុងកាណុងដាក់រាជរដ្ឋាភិបាល កម្ពុជារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះឡើយ។ ផ្ទុយទៅវិញមានតែបែរចុងការណុងក្រុមក្បត់ជាតិ និងចង់បង្កអសន្តិសុខសម្រាប់ជាតិ មាតុភូមិដូចជាលោក កឹម សុខា និង លោក សម រង្ស៊ី ។

នៅក្នុងញត្តិគាំទ្ររាជរដ្ឋាភិបាល និងប្រឆាំងសម្តីរបស់លោក សម រង្ស៊ី ដែលទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ មេបញ្ជាការ និងកងទ័ពយោធភូមិភាគទី១ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់គ្មានថ្ងៃ បះបោរក្បត់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដនោះឡើយ។
ក្នុងញត្តិបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាគ្មានថ្ងៃបែរចុងកាណុងកាំភ្លើងដាក់រាជរដ្ឋាភិបាលកម្ពុជានោះដែរ។ ផ្ទុយទៅវិញយើងខ្ញុំទាំងអស់គ្នាមានតែបែរចុងកាណុងកាំភ្លើងទៅដាក់ជនក្បត់ជាតិ ជនបង្កឲ្យមាន ចលនាបះបោរបដិវត្តន៍ពណ៌ដែលនឹងនាំប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ដូចលោក សម រង្ស៊ី លោក កឹម សុខា និងបក្ខពួកខ្លួនមួយចំនួនទៀតជាដើម»។
នៅក្នុងញត្តិក៏បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ថា «យើងខ្ញុំទាំងអស់គ្នា សូមបញ្ជាក់ជូនទៅលោក សម រង្ស៊ី និងបក្ខពួកខ្លួនឲ្យបានជ្រាបច្បាស់ថា យើងខ្ញុំទាំងអស់ ពិតជាមានចិត្តស្មោះត្រង់ និងមានស្វាមីភក្តិ ស្មោះស្ម័គ្របំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំស្របច្បាប់ ដែលបានប្រសូត្រចេញពីឆន្ទៈរាស្រ្តពិតប្រាកដ ហើយយើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ ក៏បានប្រកាសបង្ហាញពីការដឹងគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាក និងបានផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់កងទ័ព ពិសេសបានដំឡើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យជីវភាពរបស់កងទ័ពកាន់តែមានជីវភាពប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា ការសម្តែងប្រតិកម្មរបស់មេបញ្ជាការ និងកងទ័ពនៃយោធភូមិភាគទី១ បានធ្វើឡើងបន្ទាប់ពីបាន ឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណង បះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពី ឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅ កាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោង ផ្តួលរំលំ រាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យ ការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន» ៕





No comments:

Post a Comment