Thursday, October 19, 2017

ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។

ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធានTCCP លោក Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការ អន្តរជាតិរបស់ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាល ជំនាញដល់ អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការ បណ្តុះបណ្តាលធន ធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយ:វិស័យទេសចរណ៍និងកសិកម្មក្នុងតំបន់អង្គរ។

លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេស ក៍ទេស ចរណ៍ ក៏ជាកត្តាគន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ  ក៏ដូចជាការ ទាក់ទាញភ្ញៀវ ទេសចរមកកម្ពុជាកាន់តែច្រើន។ រីឯការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផល ទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចឹញ្ចឹមឃ្មុំ សួនដំណាំហូបផ្លែផ្សេងៗ ក៏ជាចំណុចទាក់ទាញ ភ្ញៀវទេសចរឲ្យ ស្នាក់ខេត្តសៀមរាបនៅកាន់តែយូរដែរ។

លោក ហង់ ពៅ អគ្គនាយករង និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជា មួយអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារ អាទិភាពមួយដែល អាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រី បុគ្គលិក បច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលអាចជួយឱ្យគាត់ទាញយកនូវចំណូល ដោយផ្ទាល់ពី វិស័យទេសចរណ៍។

អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីនដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ៕






No comments:

Post a Comment