Thursday, October 19, 2017

តើមានភាព​ខុសឆ្គងអ្វី​ជាមួយបក្ស​ប្រឆាំង​នៅកម្ពុជា?​

តើ​បក្ស​សង្គ្រោះជាតិ​បាន​ដួល​រលំ​កន្លងមក និង​យ៉ាង​ឆាប់​រហ័ស​បែបនេះ​ដោយ​របៀបណា?

បក្ស​ប្រឆាំង​គឺបក្ស​សង្គ្រោះជាតិ​​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​ឡើង​ ប៉ុន្តែ​​ចំណាយ​ពេល​ត្រឹម​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្នុងការ​រលាយទាំង​ស្រុង។​

មេដឹកនាំ​សំខាន់ពីររូប​របស់​បក្ស​នោះ សម រង្ស៊ី និង​កឹម សុខា ​បាន​ទប់ស្កាត់​ចេតនា​កាលពី​មុន​ក្នុង​បង្រួបបង្រួម​គ្នា​ដោយ​មាន​ការ​ប្រមាថ​ និង​សំឡក់​សម្លឹង​​ នៅមុន​ការ​ច្របាច់ចូល​គ្នា​បក្ស​ទាំង​ពីរ​បស់​គេនៅឆ្នាំ ២០១២។ រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក បក្ស​ប្រឆាំង​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​រន្ធត់​ចិត្ត​ដោយ​ហៀបឈ្នះ​ការ​បោះឆ្នោត​ជាតិ​មួយ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ការ​ចោទ​ប្រកាន់ពីការ​លួច​បន្លំ។ អ្នក​គាំទ្រ​រាប់សិប​ពាន់នាក់​បាន​ចុះ​ថ្នល់​អំពាវនាវ​​ឲ្យ​មានការ​ដក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចេញ​ពី​តំណែង។ ចលនា​នោះ​បាន​ស្ងប់​ស្ងាត់​វិញ បន្ទាប់ពី​​កម្មករ​កាត់​ដេរ​ ៥ នាក់​ត្រូវបាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​នៅពេល​បាតុកម្ម​ខែមករា ឆ្នាំ ២០១៤ ប៉ុន្តែ​ការ​បន្ត​កើន​ឡើង​របស់​បក្ស​សង្គ្រោះជាតិ​នៅតែ​មិន​អាច​រារាំង​បាន​ ដែល​គេ​ឃើញ​ច្បាស់​នៅ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពីខែ​មិថុនា​កន្លង​ទៅ​នេះ។​

រយៈពេល ៣ ខែ​ក្រោយ​មក បក្ស​សង្គ្រោះជាតិ​​គ្មាន​មេដឹកនាំ​ ហើយ​ស្ថិត​ក្នុង​មាត់​ជ្រោះ​នៃ​ការ​រំលាយ​។ សម រង្ស៊ី ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែងតំណែងប្រធាន​បក្ស​និង​រស់​នៅ​នីរទេស​ខ្លួន ហើយ​​ កឹម សុខា ​បាន​ជាប់​គុក​អស់​ពេល ៥ សប្តាហ៍​លើ​បទ​ចោទ​ក្បត់​ជាតិ​ និង​សមាជិក​សភា​ជាង​ពាក់​កណ្តាល​បាន​ភៀសខ្លួន​ពី​ប្រទេស។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ លោក ហ៊ុន សែន បាន​និយាយថា តុលាការ​កំពូល​នឹង​រំលាយ​បក្ស​សង្គ្រោះជាតិ​ “ឆាប់ៗនេះ”។ មួរ សុខហួរ អនុប្រធាន​បក្ស​សង្គ្រោះជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា បក្ស​នោះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រឿង​អាក្រក់បំផុត។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​និយាយថា បក្ស​ប្រជាជន​កម្ពុជា​​គ្មាន​បំណង​​រំលាយ​បក្ស​ណា​ទេ ប៉ុន្តែ​បាន​ចោទ​ប្រកាន់​បក្ស​សង្គ្រោះជាតិ​ពីការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​បែប​នោះ​ ដោយ​ការ​មិន​គោរព​ច្បាប់ បក្ស​កាន់អំណាច ព្រះ​មហាក្សត្រ និង​លទ្ធិប្រជាធិបតេយ្យ​ពហុនិយម។ គាត់​និយាយនៅថ្ងៃសុក្រ​ថា “ពួក​គេ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​អស្ថិរភាព​ដល់​រដ្ឋាភិបាល​ជាប់​ឆ្នោត”។

អ្នក​អង្កេត​ការ​ណ៍​ភាគ​ច្រើន​បាន​មើលឃើញ​ចេតនាផ្សេង​ទៀត​នៅ​ខាង​ក្រោយ​ឆាក ដែល​បាន​កើតឡើង​នៅ​ពេល ១០ ខែ​មុន​ការ​បោះឆ្នោត​ជាតិ ដែល​បក្សសង្គ្រោះជាតិ​​គឺជា​អ្ន​ក​ប្រជែង​​​ដ៏ខ្លាំង​តែ​មួយ​គត់​ជា​មួយ​បក្ស​កំពុង​កាន់អំណាច។ លោក ហ៊ុន សែន តែងតែ​ច្បាស់ថា មាន​តែ​សន្លឹក​ឆ្នោត​គួរ​ឲ្យ​ទុក​ចិត្ត​តែ​មួយ​គត់​គឺជា​សន្លឹកឆ្នោត​ដែល​គាត់​ឈ្នះ។ គាត់​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​នៅ​ខែ​មុន​ថា “ខ្ញុំ​អាច​បន្តធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល ១០ ឆ្នាំ​ទៀត​។ វា​មិន​ពិបាក​សម្រាប់ខ្ញុំទេ”។ ដោយ​សារតែ​ការ​គ្រប់គ្រង​​យ៉ាង​ខ្លាំង​របស់​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​រូប​នោះ​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ និង​កងកម្លាំង​ប្រដាប់អាវុធ​នោះ អ្នក​វិភាគ​តិចតួច​ណាស់​​​និយាយថា បក្ស​សង្គ្រោះ​ជាតិ​មាន​ឱកាស​តិចតួច​ណាស់​ក្នុងការ​ឡើង​កាន់អំណាច​តាម​ការ​បោះឆ្នោត។​

វា​ជា​ទស្សនៈ​ដែល​លើកឡើង​សូម្បីតែ​ដោយ​ សម រង្ស៊ី ដែល​បាន​សរសេរ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ថា លោក ហ៊ុន សែន នឹង​ជៀស​មិន​រួច​ពីការ​បង្ក្រាប​បក្ស​ប្រឆាំង​ទេ ដោយ​សារតែ​គាត់​ដឹង​ថា គាត់​នឹង​ចាញ់​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨។​

ប៉ុន្តែ អ្នក​សង្កេត​ការណ៍​ខ្លះ​បាន​និយាយថា ដោយការ​គោរព​តាម​​បទប្បញ្ញត្តិ​​ដែល​ប្តួរ​លឿន​ខ្លាំង​នោះ បក្ស​ប្រឆាំង​គឺ​គ្មាន​អ្វី​ក្រៅពី​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់រដ្ឋាភិបាល​ទេ។

 Lee Morgenbesser សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Griffith University របស់​អូស្ត្រាលី​​ដែល​សិក្សា​លើ​របបផ្តាច់ការ​បាន​និយាយថា “ជាក់ស្តែង​ណាស់ វា​មិន​មែនជា​កំហុស​របស់គេ​ទេ។ លោក ហ៊ុន សែន បាន​ធ្វើ​អ្វីទាំង​អស់ដែល​គាត់​អាចធ្វើបាន​ដើម្បី​លុបបំបាត់​ពួកគេ​ចោល។ ប៉ុន្តែ ខ្ញុំ​គិត​ថា ពួកគេ​បាន​បង្កើត​កំហុស​ជា​ច្រើន​បន្ទាប់ពី​ឆ្នាំ ២០១៣ មក ដែល​បូក​បញ្ចូល​បញ្ហា​របស់គេ​ទ្វេ​ដង”។

 Morgenbesser និង​អ្នក​ផ្សេង​ទៀត​និយាយថា ចំណុច​សំខាន់​ក្នុង​ចំណោម​ភាព​ខុស​ឆ្គង​របស់​បក្ស​សង្គ្រោះជាតិ​គឺ​ការ​សម្រុះ​សម្រួល​នៅ​ខែ​កក្កដា ឆ្នាំ២០១៤ ដែល​បញ្ចប់​ការ​ធ្វើ​ពហិការ​រយៈ​ពេល​ជា​ច្រើន​ខែ​របស់បក្ស​ប្រឆាំង​នៅ​សភា​ជាតិ ដើម្បីជា​ការ​ដោះដូរ​​ដល់​ការ​សន្យា​ជា​ច្រើន​ពី​រដ្ឋាភិបាល​ រួម​មាន​​កំណែទម្រង់​គណៈកម្មការ​បោះឆ្នោត។ កិច្ច​ព្រមព្រៀង ដែល​ប្រឆាំង​ដោយ​ កឹម សុខា ប៉ុន្តែ​គាំទ្រ​ដោយ​ សម រង្ស៊ី ក៏​បាន​បង្កើត​ឡើង​អ្វីដែល​គេ​ហៅ​ថា “វប្បធម៌​សន្ទនា” ដែល​ Morgenbesser និយាយថា បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់ការ​កាន់​អំណាច​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ដាក់​ សម រង្ស៊ី នៅ​ក្នុង “ភាព​រើ​ខ្លួន​លែង​រួច”។​

យោងតាម​ Astrid Noren-Nilsson អ្នក​វិទ្យា​សាស្ត្រ​នយោ​បាយ​ដែល​សរសេរ​សៀវភៅ ព្រះ​រាជាណាចក្រទីពីរ​របស់កម្ពុជា៖ ជាតិ ការ​ស្រមើស្រមៃ និង​លទ្ធិ​ប្រជាធិបតេយ្យ បាន​និយាយថា ការ​យល់​ស្រប​តាម​របស់​ សម រង្ស៊ី នោះ​បាន​ធ្លាក់ចូល​ទៅ​ក្នុង​កណ្តាប់ដៃរបស់​លោក ហ៊ុន សែន។​

គាត់​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​ថា “អ្វីដែល​បក្ស​សង្គ្រោះជាតិ​បន្តធ្វើ​នៅឆ្នាំ ២០១៣ គឺ​ជា​ការ​កើន​ឡើង​ភាព​មិន​ភ័យ​ខ្លាច ដែល​បាន​បង្កើត​ជា​សន្ទុះ​ឡើង​ នៅពេល​អ្នក​គាំទ្រ​ដ៏ក្លាហាន​បាន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម។ បន្ទាប់ពី​ការ​បង្ក្រាប​ដ៏ហិង្សា​របស់រដ្ឋាភិបាល​នៅ​ខែ​មករា ឆ្នាំ ២០១៤ មក វប្បធម៌​សន្ទនា​បាន​បំបាត់​កំហឹង​របស់​ប្រជាជន​ និង​ទប់ស្កាត់​កំហឹង​នោះ​មិន​ឲ្យ​មាន​បាតុកម្មទៀត។ ការ​ខ្វះ​ការ​គំរាម​ពីការ​ធ្វើ​បាតុកម្ម​ហិង្សា​គឺជា​ភាព​ខុសគ្នាខ្លាំង​​ដែល​អនុញ្ញាត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីដែល​ពួក​គេ​មិន​អាច​ធ្វើ​នៅ​ឆ្នាំ ២០១៤”។

 សុខហួរ បាន​ទទួល​ស្គាល់​ថា ការ​សម្រេចចិត្ត​​ចូល​សភាវិញ​នោះគឺ​មិន​ល្អ​ក្នុង​ចំណោម​អ្នក​​គាំទ្រ​ខ្លះទេ​នាពេល​នោះ។ ប៉ុន្តែ វា​ជា​ជំហរ​ល្អ​។ បើមិន​អញ្ចឹងទេ នឹង​អាច​មាន​ការ​បង្ហូរ​ឈាម”។​

ទិដ្ឋភាព​នៃ​កម្មករ​កាត់ដេរ​ ៥ នាក់ដែល​ត្រូវ​បាន​សម្លាប់​ដោយ​តម្រួត​យោធាក្នុងពេល​ធ្វើ​បាតុកម្ម​នៅ​ខែមករា ឆ្នាំ ២០១៤ នោះ​បាន​ជះឥទ្ធិពល​មក​លើ​បក្ស​នោះ។ នៅពេល​រដ្ឋាភិបាល​គំរាម​ចាប់​ខ្លួន​​ កឹម សុខា កាលពីឆ្នាំមុន និង​ពេល​បក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ច្បាប់​​នៅឆ្នាំនេះ​ដែល​អនុ​ញ្ញាត​ឲ្យ​គេ​រំលាយ​បក្ស​នយោ​បាយ​ចោលនោះ អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ស្ថិត​នៅ​ផ្ទះ។ ជា​ជំនួស​វិញ សមាជិក​សភា​បក្ស​ប្រឆាំង​​បាន​ធ្វើ​ពហិការ​ជា​និមិត្តរូប​ដែល​អ្ន​ក​នាំ​ពាក្យ​បក្ស​ប្រជាជន​សើច​ចំអក​ឲ្យ​ថា ជា​ការ​ខ្ជិល​ច្រអូស។​

 Noren-Nilsson បាន​និយាយថា “ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះជាតិ​​មាន​កម្រិត​ទ្វេ​​ពីរ​គឺ វា​ជា​បក្ស​មួយ​ដែល​គោរព​ច្បាប់ ​រហូត​ដល់​ចុង​បញ្ចប់​ដ៏ជូចត់ និង​ប្តេជ្ញា​ជៀស​វាង​ការ​បង្ហូរ​ឈាម​។ ការ​មិន​បោះ​បង់​មហាបាតុកម្ម​ ទោះ​មាន​អំពើ​ហិង្សា​ណា​កើត​ឡើង​ក៏ដោយ និង​ការ​បាត់បង់​មនុស្ស​​អាច​​មាន​ភាព​អាក្រក់​នោះ​ អាច​​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះជាតិ​​នៅ​មាន​សន្លឹក​បៀរ​លែង”។​

មាន​ក្បួន​ជាផ្សេង​ទៀត​ដែល​បក្សសង្គ្រោះជាតិ​អាច​យក​មក​ប្រើ​បាន។ អ្នក​ប្រាជ្ញ​នយោ​បាយ​​អាមេរិក​ Valerie Bunce និង Sharon Wolchik បាន​វិភាគ​ចលនាប្រជាធិបតេយ្យ​​នៅ​អ៊ុយក្រែន ស៊ែប៊ី និង​កន្លែង​ផ្សេងទៀត​ដែល​បាន​ផ្តួល​រំលំ​របប​ពាក់កណ្តាល​​ផ្តាច់ការ​ដោយ​ជោគជ័យ​នៅ​ក្នុង​ឯកសារ​ឆ្នាំ ២០១០ របស់គេមាន​ចំណង​ថា “ការ​ឈ្នះ​លើ​ជន​ផ្តាច់ការ៖ ការ​ផ្លាស់ប្តូរ​ និង​ស្ថិរភាព​សន្លឹក​ឆ្នោត​​នៅ​ក្នុង​របប​ផ្តាច់ការ​”។

អ្នក​សិក្សា​ស្រាវជ្រាវ​​យល់ឃើញថា បក្ស​ប្រឆាំង​ដែល​ជោគជ័យ​​បាន​រួម​គ្នាជា​មួយ​សង្គម​ស៊ីវិល ​និង​រដ្ឋាភិបាល​លោក​ខាងលិច​ក្នុង​ការបង្កើត​វិធី​សាស្រ្ត​ជាច្រើន​ដើម្បីធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ខ្សោយ​នៅមុន​បោះឆ្នោត រួមមាន​ការ​លេចធ្លាយ​​ការ​ស្ទង់​មតិ​សាធារណៈ​ និង​ការ​ជំរុញ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​ ពួកគេ​ទទួលស្គាល់​ថា បក្ស​នោះ​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​បោះ​ឆ្នោតដើម្បី​​បោះ​ឆ្នោត​​ឲ្យ​ពួកគេ ហើយ​ការពារ​ជម្រើស​របស់គេ​នៅ​តាម​ផ្លូវ​ថ្នល់​ ពោល​គឺ ​ជាការ​ងារ​លំបាកធ្វើ​ខ្លាំង។​

សារព័ត៌មាន​គាំទ្រ​បក្ស​ប្រជាជន​ ហ្វ្រេសញ៉ូវ បាន​អះអាងថា បក្ស​សង្គ្រោះជាតិ​ធ្វើ​តាម​យុទ្ធ​សាស្ត្រ​បរទេស។ កាសែត​នោះ​បាន​បង្ហាញ​រូប​ភាព​នៃ​សិក្ខាសាលា​ដែល​ធ្វើ​ដោយ​​អង្គការ​បរទេស​ រួម​មាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​បាន​បង្ខំ​បិទ​ទ្វា​នៅ​ខែ​សីហា ថា​ជា​ភស្តុតាង​នៃ​ការ​ឃុប​ឃិត​​ក្នុងការ​ផ្តល់​រំលំ​លោក ហ៊ុន សែន។ ប៉ុន្តែសម្រាប់ Morgenbesser បក្ស​សង្គ្រោះជាតិ​បរាជ័យ​ធ្វើ​តាម​គំរូ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​បរទេស​ដ៏ជោគជ័យ​ រួម​មាន​ការ​ធ្វើ​បដិវត្តិពណ៌​នៅ​តំបន់​បាល់កង់ ​និង​បណ្តា​រដ្ឋ​ក្នុង​អតីតសហភាព​សូវៀត។​

គាត់​បាន​និយាយថា “ប្រសិន​បើ​បក្ស​សង្គ្រោះជាតិ​ពិត​មាន​យុទ្ធ​សាស្ត្រ​សម​រម្យ​នោះ​ វា​អាច​​ចាប់​ផ្តើម​ធ្វើបដិវត្តពណ៌​មាន។ ប៉ុន្តែ​គេ​មិន​មាន​យុទ្ធ​សាស្ត្រ​ល្អ ហើយ​ក៏​មិន​បាន​សាកល្បងដែរ”។

បក្សសង្គ្រោះជាតិ​​ក៏​ត្រូវ​បាន​បំបែក​​​ក្នុង​ចំណោម​ក្រុម​មនុស្ស​នៅ​ជុំវិញ​មេដឹកនាំ​ទាំងពីរ​របស់ខ្លួន ដោយ​សមាជិក​រាជ្យ​វង្សតែមួយ​គត់​របស់បក្ស​​ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ គំរាម​ចាក​ចេញពី​បក្ស​ “បែក​បាក់” នោះ​ដែល​កំពុងធ្វើការ​ជា​បុគ្គល។​

លោក មាស​ នី បាន​និយាយថា ការ​បែក​បាក់​​មិន​បង្ករ​បញ្ហា​ទេ​នៅ​ទី​បំផុត។ គាត់​និយាយថា “ខ្ញុំគិត​ថា ទោះបីជា​បក្ស​សង្គ្រោះជាតិ​​ព្យាយាម​គេច​ដោយ​របៀប​ណា​ក៏​ដោយ ក៏ពួក​គេ​មិន​អាច​ដែរ។ រដ្ឋាភិបាល​អាច​បង្កើត​ច្បាប់​ថ្មី​មួយ​នៅ​គ្រប់ពេល​ដើម្បីសម្រេចគោល​ដៅ​របស់គេ”៕

ប្រភព៖ The Diplomat ចុះថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៧

No comments:

Post a Comment