Thursday, October 19, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំប្រកបដោយគុណភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឱ្យគុណភាពគ្រូមានការរីកចម្រើនដែលជំរុញឱ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Herman Van Rompuy បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ជាពិសេសនៅពេលដែលកម្ពុជាចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តនយោបាយ អ្នកចេះតិច បង្រៀនអ្នកមិនចេះ និងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជំរុញការសាងសង់សាលារៀនឱ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តីកម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ ហើយលោក ក៏បានស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជាផងដែរ៕





No comments:

Post a Comment