Thursday, October 19, 2017

ទេសភាព​ស្រះស្រង់​អង្គរ​នារដូវវស្សា​

ស្រះស្រង់មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរ ស្ថាបនាឡើង នាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់នេះមានទឹកជាប្រចាំទាំងរដូវប្រាំង និងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

ចាប់ពីបារាយណ៍ខាងកើតរីងទឹក ធ្វើឱ្យទឹកក្នុងស្រះស្រង់បានប្រែប្រួលផងដែរ ព្រោះរំពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ ក្នុងគោលបំណងរក្សាលំនឹងទឹកក្នុងស្រះស្រង់ឱ្យបានពេញ និងមានទេសភាពស្រស់ស្អាត ជាទីគយគន់នៃភ្លៀវទេសចរជាតិ និងអន្តរជាតិនោះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រឡាយបង្ហូរទឹកពីទំនប់តានៀវ ចូលមកស្រះស្រង់ ដែលមានប្រវែង ៧គីឡូម៉ែត្រ។

រដូវវស្សានាឆ្នាំនេះ ស្រះស្រង់កំពុងមានទេសភាពស្រស់ស្អាត ដោយសារមានទឹកថ្លាឈ្វេងពេញមាត់ស្រះ ដែលធ្វើឱ្យភ្ញៀវទេសចរគយគន់ហើយ លាន់មាត់សរសើរមិនដាច់។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរបរទេសជាច្រើន តែងមកទស្សនាថ្ងៃរះឆ្លុះចាំងនឹងស្រះស្រង់មានពណ៌មាសយ៉ាងស្រះស្អាត។

យោងតាមឯកសារប្រវត្តិសាស្ត្រ ស្រះស្រង់ពុំមានតួនាទីជាអាងស្តុកទឹកសម្រាប់ការងារកសិកម្មទេ តែជាស្រះកម្សាន្តរបស់ព្រះរាជាសម័យបុរាណ និងមានកូនប្រាសាទតូចមួយនៅចំកណ្តាល ដែលគេអាចឃើញកូនប្រាសាទនេះតែក្នុងរដូវប្រាំងដែលមានទឹករាក់ខ្លាំងប៉ុណ្ណោះ៕






No comments:

Post a Comment