នៅក្នុងកិច្ចប្រជុំស្តីពីបរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ-បញ្ហាប្រឈម និងកាលានុវត្តភាព តំណាងប្រទេសចូលរួមបានធ្វើបទបង្ហាញខ្លីៗ ហើយបានផ្តល់នូវទស្សនៈខុសៗគ្នាចំពោះមូលដ្ឋានគ្រឹះនៃបញ្ហាប្រឈមចំពោះពាណិជ្ជកម្មអន្ដរជាតិ។ កិច្ចប្រជុំនេះក៏បានផ្តោតលើការយកចិត្តទុកដាក់ជាពិសេស និងបានតាមដានការអនុវត្តសេចក្តីសម្រេចចិត្តថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នាពេលកន្លងមកផងដែរ។
ពាក់ព័ន្ធនឹងការអនុវត្តកញ្ចប់ NAIROBI កាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៅក្នុងប្រទេសណៃរ៉ូប៊ីបានអនុម័តការសម្រេចចិត្តរួមមួយដើម្បីផលប្រយោជន៍របស់ប្រទេស LDCs ដោយរាប់បញ្ចូលទាំងការប្រែប្រួលនៃទីផ្សារអន្ដរជាតិ និងកែលម្អសមត្ថភាពនាំចេញ និងការចូលរួមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ប្រទេសបេណាំងបានស្នើឲ្យមានយន្តការថ្នាក់តំបន់មួយដែលអាចជួយគ្នាទៅវិញទៅមករវាង LDCs មុនពេលដាក់សុំជំនួយពីបណ្តាប្រទេសអភិវឌ្ឍន៍ហើយសំណើនេះត្រូវបានគាំទ្រដោយអ្នកជំនាញមកពីអង្គការ WTO។ លើសពីនេះ ដើម្បីជំរុញការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ប្រទេសកម្ពុជាបានស្នើដល់ប្រទេសអភិវឌ្ឍន៍ដែលមានបំណងជួយគាំទ្របច្ចេកទេសដល់ LDCs ធ្វើសេចក្តីជូនដំណឹងជាមុនដើម្បីប្រទេសក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំបានទាន់ពេលវេលា។
ដោយឡែកនៅក្នុងកិច្ចប្រជុំស្តីពីកប្បាសនិងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ក៏បានពិភាក្សាអំពីកាលានុវត្តភាពថ្មីៗនៃអាជីវកម្មកប្បាសជាមួយនឹងការផ្លាស់ប្តូរផលិតភាពដែលទាក់ទងទៅការអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ ការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រឈ្នះ-ឈ្នះ រវាងបណ្តាប្រទេសផលិតកប្បាស និងប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនានាដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដែលអាចទទួលបានទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗផងដែរ៕

No comments:
Post a Comment