Monday, August 21, 2017

ស្របពេល NDI កំពុងក្លាយជាប្រធានបទជជែកគ្នាលើបញ្ហាមិនបានចុះបញ្ជីការនៅក្រសួងការបរទេស, ស្រាប់តែអគ្គនាយកដ្ឋានពន្ធដារប្រកាសថា អង្គការមួយនេះក៏មិនបានចុះបញ្ជីព​ន្ធដារដែរ !

(ភ្នំពេញ)៖ ស្របពេលដែលបញ្ហាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI កំពុងក្លាយជាប្រធានបទក្តៅគគុកជុំវិញការមិនបានចុះបញ្ជីការផ្លូវច្បាប់ នៅក្រសួងការបរទេសកម្ពុជា ស្រាប់តែពេលនេះអគ្គនាយកដ្ឋានពន្ធដារក៏បានចេញប្រកាសថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលផ្តល់ថវិកាដោយ អាមេរិកាំងហើយបាននឹងកំពុងធ្វើសកម្មភាពនៅកម្ពុជាមួយនេះ ក៏មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធរបស់នាយកដ្ឋានពន្ធដារផងដែរ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានធ្លាប់ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា «តាមការពិនិត្យផ្ទៀងផ្ទាត់ក្នុងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា អង្គការ NDI មិនបានមកចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធឡើយ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារយល់ឃើញថា មិនគួរអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឬចុះអនុស្សរណនៃការយោគយល់គ្នា ជាមួយអង្គការនេះ នោះទេ ព្រោះថាផ្អែកលើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ អង្គការនេះបានប្រព្រឹត្តខុស ដោយមិនបានមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់ជាធរមាន»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋានពន្ធដារ ដដែលរូបនោះបានអះអាងថា «មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធ ដែលបានប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ បានចែងថា បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ធ្វើសកម្មភាពសេដ្ឋកិច្ច»។
មាត្រា១២៨ តាមច្បាប់ស្តីពីសារពើពន្ធបានក៏ចែងដែរថា «ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវចាត់ទុកថា ជាអំពើរាំងស្ទះក្នុងការអនុវត្តបទប្បញ្ញាត្តិ ស្តីពីពន្ធដារ។ ការដែលធ្វើឲ្យរាំងស្ទះដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើស ផ្នែកព្រហ្មទ័ណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ»។
សូមជំរាបថា ជុំវិញការមិនបានចុះបញ្ជីការតាមផ្លូវច្បាប់នៅក្រសួងការបរទេសកម្ពុជា របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ត្រូវបាន លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាល បរទេសដែលធ្វើសកម្មភាពដោយ មិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបញ្ឈប់ សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួម សកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»។

មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ​ចំពោះ​សមាគម ​ឬ​អង្គភាព​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ​ឬ​ដែល​ត្រូវ​បាន​​បញ្ចប់​សុពលភាព​អនុស្សរណៈ​ដោយ​​ក្រសួង​បរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។ ​វិធានការ​បន្ថែម​ទាក់ទង ​នឹង​ការ​បណ្តេញ​ចេញ​ស្របច្បាប់​តាមច្បាប់​អន្តោប្រវេសន៍ ​អាច​ត្រូវ​​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា ​ដែល​បម្រើការ​ងារ​នៅក្នុង​សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​»។​

No comments:

Post a Comment