Monday, August 21, 2017

ក្រសួង​ទេសចរណ៍​ ជម្រុញការ​បណ្តុះបណ្តាល​ និងពង្រឹង​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញទទួលស្វាគមន៍ភ្ញៀវក្នុងផ្នែកការិយាល័យជួរមុខ (Provide Accommodation Reception Services) និងជំនាញរៀបចំបន្ទប់ក្នុងផ្នែកគេហកិច្ច (Provide Housekeeping Service to the guest) ស្តង់ដាសមត្ថភាពអាស៊ាន។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីបង្គោលខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង និងតំណាងភាគីឯកជនប្រមាណ ២០រូប ក្រោមកិច្ចសហការជាមួយគម្រោង GMS TIIG No.3194-CAM របស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរមណីយដ្ឋាន ផាម ហោស៍ (Palm House Resort) ខេត្តកែប។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាម នឹងត្រូវផ្តល់ការបណ្តុះបណ្តាលបន្តលើជំនាញខាងលើដល់ប្រតិបត្តិករសេវាកម្មទេសចរណ៍តាមបណ្តាខេត្តរបស់ខ្លួន ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន។
សូមបញ្ជាក់ផងដែរថា សិក្ខាកាមខាងលើធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាល គ្រូបង្គោលជាតិសេវាកម្មសណ្ឋាគារ ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ការបណ្តុះបណ្តាលបន្ត ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ក្នុងស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
វគ្គបណ្តុះបណ្តាលនេះ បានជួយជម្រុញគាំទ្រដល់ផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ សំដៅធ្វើការបណ្តុះបណ្តាលអ្នកជំនាញឱ្យមានសមត្ថភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ គាំទ្រដល់ការលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងអាចបំលាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង MRA-TP។

គួររំលឹកថា រហូតមកដល់បច្ចុប្បន្នក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប និងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៤២រូប ដែលបានផ្តល់ការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញប្រមាណជាង ២០០០នាក់ ដែលបានចុះឈ្មោះចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)៕



No comments:

Post a Comment