Monday, August 21, 2017

តើកូរ៉េខាងជើងនឹងធ្វើអ្វីបន្ទាប់ទៀត? ​ការសាកល្បង​អាវុធនុយ​ក្លេអ៊ែរ​បន្ថែមទៀត​ ត្រូវបាន​គេមើល​ឃើញថា​ ជារឿងធ្ងន់ធ្ងរ​

កូរ៉េខាងជើងនិយាយថា ខ្លួនបានអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិក។

ឥឡូវវាឈានដល់ដំណាក់កាលមួយនៃការបំពេញគោលបំណងដែលបានប្រកាស ដោយលោក Kim Jong Un គឺការបំពាក់ឧបករណ៍នុយក្លេអ៊ែរនៅលើមីស៊ីល ដែលមានទំហំតូច ហើយស្រាល ហើយមិនប៉ះពាល់ដល់រយៈចម្ងាយនៃការបាញ់របស់មីស៊ីល ក៏ដូចជា ធ្វើឱ្យវាមានសមត្ថភាពបាញ់ចូលស្រទាប់បរិយាកាសរបស់ផែនដីឡើងវិញ។

ដើម្បីធ្វើដូច្នោះបាន អ្នកជំនាញផ្នែកអាវុធបាននិយាយថា កូរ៉េខាងជើងត្រូវធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ឬក៏សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត។

អ្នកជំនាញបន្តថា ការសាកល្បងមីស៊ីលឆ្លងទ្វីប ICMB ចំនួនពីរលើករបស់កូរ៉េខាងជើងកាលពីខែមុន ទំនងជាផ្ទុកក្បាលគ្រាប់សប្បនិម្មត ជាជាងក្បាលគ្រប់នុយក្លេអ៊ែរពិត។

មធ្យោបាយមួយដើម្បីឱ្យក្បាលគ្រាប់ស្រាល ដែលអាចជំរុញប្រតិបត្តិការបំផ្ទុះបាននោះ គឺត្រូវធ្វើការវិវត្តន៍ឧបករណ៍ប្រតិកម្មបរិមាណូ ឬគ្រាប់បែកអ៊ីដ្រូសែន។ ការបំផ្ទុះដែលធ្វើឱ្យមានកម្រិតកាន់តែខ្លាំងក្លានៃឧបករណ៍នេះ គឺវាពាក់ព័ន្ធទៅនឹងទំហំ និងទង្ងន់របស់វា។

លោក Hans Kristensen ប្រធានកម្មវិធីនុយក្លេអ៊ែរនៃសហភាពអ្នកវិទ្យាសាស្រ្តអាមេរិកបាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរួចហើយ ក៏ប៉ុន្តែ បញ្ហានេះមិនត្រូវបានបង្ហាញឱ្យឃើញនោះទេ។ គាត់បន្តថា “ដើម្បីធ្វើរឿងនេះបាន គឺត្រូវការការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត”។

គុណសម្បត្តិនៃក្បាលគ្រាប់ដែលមានប្រតិកម្មបរិមាណូ គឺធ្វើយ៉ាងណា ឱ្យវាមានឥទ្ធិពលខ្លាំង តែមានទម្ងន់តិច។

លោក Choi Jin-wook សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ritsumeikan របស់ជប៉ុនបាននិយាយថា ការសាកល្បងអាវុយនុយក្លេអ៊ែរលើកទី៦ គឺជារឿងចាំបាច់សម្រាប់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ប្រតិបត្តិការបរិមាណូ ICMB។

គាត់បន្តថា “ដើម្បីធ្វើឱ្យអាវុធនុយក្លេអ៊ែរមានប្រសិទ្ធភាព ក្បាលគ្រាប់ត្រូវតែតូចហើយស្រាល ក៏ប៉ុន្តែ កូរ៉េខាងជើងមិនមានបច្ចេកវិទ្យានេះទេ។”

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងព្យុង​យ៉ាងនឹង “បំពានបន្ទាត់ក្រហម” ប្រសិនបើខ្លួនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលឆ្លងទ្វីបនោះ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានព្រមានផងដែរថា កូរ៉េខាងជើងនឹងប្រឈមទៅនឹងការ “បាញ់កម្ទេចចោល” ប្រសិនបើនៅតែគំរាមអាមេរិកនោះ។

លោក Kim ទំនងជាមានការប្រុយប្រយ័ត្នខ្ពស់ចំពោះការពិចារណលើការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីទៀត ពីព្រោះថា ការសាកល្បងថ្មី អាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តចិនរបស់ខ្លួនខកចិត្ត ហើយក៏អាចបញ្ឆេះឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងពីអង្គការសហប្រជាជាតិ។

មន្រ្តីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា សកម្មភាពគួរឱ្យកត់សម្គាល់មួយ មិនត្រូវបានគេមើលឃើញនោះទេនៅក្នុងទីតាំងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។ គាត់ថា គាត់មិនបានឃើញសកម្មភាពអ្វីនៅទីនោះជាងមួយខែមកហើយ ហើយថា ក៏ពុំមានសញ្ញានៃការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីនោះដែរ។

អ្នកវិភាគមួយចំនួនបាននិយាយថា ក្នុងពេលបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តរបស់លោក Kim ទំនងជាកំពុងរៀបចំបច្ចេកវិទ្យាដើម្បីការពារក្បាលគ្រាប់នុយក្លេអ៊ែរពីកំដៅ និងសម្ពាធយ៉ាងខ្លាំង នៅពេលបាញ់ចូលក្នុងស្រដាប់បរិយាកាសរបស់ផែនដី។

អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើង យ៉ាងហោចណាស់ត្រូវការពេលវេលាពីរ ឬច្រើនឆ្នាំទៀត ដើម្បីសម្រេចបានបច្ចេកវិទ្យានេះ។

លោក David Albright អ្នករូបវិទ្យា និងជាសាបនិកវិទ្យាស្ថានវិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ខ្ញុំមិនជឿថា កូរ៉េខាងជើងមិនទាន់អាចឈានដល់ដំណាក់កាល ដែលអាចការពារក្បាលគ្រាប់នុយក្លេអ៊ែរ នៅពេលបាញ់ទៅដល់ស្រទាប់បរិយាកាសរបស់ផែនដីបានទេ”។

ក្រោយពីការបាញ់បង្ហោះមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៦ មក អ្នកសង្កេតការណ៍មួយចំនួនរំពឹងថា ការសាកល្បងនុយក្លេអ៊េរលើកទី៦ របស់កូរ៉េខាងជើងនឹងកើតឡើងនៅដើមខែមករានេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចំណាយពេលជិតមួយឆ្នាំនេះ សាកល្បងលើមីស៊ីលផ្សេងៗទៅវិញ។ បន្ទាប់ពីការសាកល្បង ICBM លើកទីមួយ និងលើកទីពីរមក កូរ៉េខាងជើងបានគំរាមថា នឹងបាញ់ទៅកាន់តំបន់ជុំវិញ​ កោះ Guam។ ក៏ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា លោក Kim បានពន្យារពេលលើសេចក្តីសម្រេចចិត្តរបស់គាត់។

លោក Moon Chung-in ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា “ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ចិននឹងទំនងជាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកូរ៉េខាងជើង។ ខ្ញុំមានជំនឿថា ចិនបានព្រមានយ៉ាងខ្លាំងៗទៅកាន់កូរ៉េខាងជើង មិនឱ្យធ្វើការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀតទេ”។

ទីតាំងនុយក្លេអ៊េរ Punggye-ri គឺមានរយៈចម្ងាយតែ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនចិន និង ២០០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ការសាកល្បងលើកមុន បានធ្វើឱ្យប្រទេសចិន និងរុស្ស៊ីមានការខឹងសម្បារជាខ្លាំង ព្រមទាំងបានឱ្យប្រទេសទាំងពីរនេះ គាំទ្រចំណាត់ការរបស់ UN ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kim Jong Un សំឡឹងឃើញថា ការគំរាមអាមេរិក គឺជាកត្តាដ៏សំខាន់ដើម្បីរក្សាអំណាចផ្ទាល់ខ្លួនរបស់គាត់។

សាស្រ្តាចារ្យលោក Yoo Ho-yeol សាស្រ្តាចារ្យផ្នែការទូតនៃសាកលវិទ្យាល័យកូរ៉េបាននិយាយថា “កូរ៉េខាងជើងនឹងសាកល្បងអាវុយនុយក្លេអ៊ែរលើកទី៦ ដើម្បីនាំយកអាមេរិកមកតុចរចា”។ គាត់បន្តថា “ខ្ញុំមិនដឹងពីកាលបរិច្ឆេទច្បាស់លាស់ថា វានឹងកើតឡើងនៅពេលណានោះទេ ក៏ប៉ុន្តែ ការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ គឺជាជម្រើសមិនសូវគ្រោះថ្នាក់ ជាងជម្រើសបាញ់មីស៊ីលទៅកាន់កោះ Guam”៕

ប្រភព : Reuters ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧

No comments:

Post a Comment