Monday, August 21, 2017

អង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគ្រាន់តែជាគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ

ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថាអង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគ្រាន់តែជាគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ។

ចៅចាក់ស្មុកបានសរសេរខ្លឹមសារថា៖
នៅប៉ុន្មានសបា្តហ៍ចុងក្រោយនេះ វាំងននខ្មៅនៅពីក្រោយអង្គការ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាជាពិសេសវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងស្ថាប័នកាសែត The Cambodia Daily វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ត្រូវបានវាយឱ្យរបើក ហើយផែនការ និងសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមបំផុតមួយចំនួនត្រូវបានបង្ហាញ ធ្វើឱ្យសាធារណជនមើលឃើញថា អង្គការអន្តរជាតិ និងវិទ្យុរបស់ប្រទេសស៊ីវិល័យដែលអួតខ្លួនថាជាបិតាប្រជាធិបតេយ្យដើរបង្រៀនគេឯង រហូតដល់បក្សប្រឆាំងនៅកម្ពុជាចាត់ទុកថាជាជើងឯកផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកំពុងជួយបក្សខ្លួនយ៉ាងសកម្មនោះ គឺជាស្ថាប័នដែលកំពុងតែរំលោភបំពានច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ បំពានច្បាប់ ព្រោះ អង្គការ NDI របស់សហរដ្ឋអាមេរិកនៅកម្ពុជាបាននិងកំពុងធ្វើសកម្មភាពដោយគ្ម្នានច្បាប់អនុញ្ញាត ចំណែកវិទ្យុ VOA និង RFA បើកការិយាល័យរបស់ខ្លួនដោយគ្មានការអនុញ្ញាត និងប្រតិបត្តិការដោយមិនបានបង់ពន្ធតាមកាតព្វកិច្ចកំណត់ ក្នុងច្បាប់ពន្ធដារកម្ពុជា។ ចំណែកកាសែត The Cambodia Daily គ្រប់គ្រងដោយជនជាតិអាមេរិកប្រតិបត្តិការរបស់ខ្លួនបន្លំជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ហើយគេចមិនបង់ពន្ធ តាមច្បាប់កម្ពុជា។ តាមប្រភពព័ត៌មាន អង្គការ សមាគមប្រមាណ ១០០ ទៀតក្នុងចំណោមអង្គការសមាគមជាច្រើនពាន់ដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាមិនបានបង់ពន្ធតាមច្បាប់កំណត់ឡើយ ហើយនិងត្រូវប្រឈមមុខជាមួយការអនុវត្តច្បាប់ ជាបន្តបន្ទាប់ទៀត។ តើការអនុវត្តច្បាប់ទៅលើអង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយទាំងនេះគឺជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពរបស់ពួកគេ និងបក្សប្រឆាំងឬយ៉ាងណា?

១-កម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជាទទួល
ស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ដោយសារតែកម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងគោរពច្បាប់ជាតិ និងអន្តរជាតិ បើកទូលាយយ៉ាងដូច្នេះហើយបានជាចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ អង្គការសមាគមជាច្រើនពាន់ត្រូវបានបង្កើតឡើង ខ្លះមានច្បាប់ និងខ្លះទៀតមកប្រតិបត្តិការការងាររបស់ខ្លួនដោយមិនគោរពច្បាប់ កម្ពុជាក្រោមលេសនេះលេសនោះ។ កម្ពុជាក៏ត្រូវបានគេមើលឃើញថា ជាឋានសួគ៌របស់អង្គការសមាគមជាតិ និងអន្តរជាតិដែលខ្លះបង្កើតឡើងដើម្បីគ្រាន់តែទទួលថវិកាពីប្រទេសម្ចាស់ជំនួយដែលផ្តល់ជូនពលរដ្ឋខ្មែរ ប៉ុន្តែពួកគេខ្លះបានយកដាក់ហោប៉ៅខ្លួនឯង ឬអនុវត្តគម្រោងបន្តិចបន្តួច បំប៉ោងទិន្នន័យចំណាយ ដើម្បីបន្លំភ្នែកម្ចាស់ជំនួយខ្លួន។ អង្គការខ្លះដឹកនាំបែបបគ្រួសារនិយម ហើយការជួលផ្ទះសម្រាប់ធ្វើទីស្នាក់ការ និងរថយន្តសម្រាប់ធ្វើដំណើរជួលពីប្រធានអង្គការ ឬសមាគមផ្ទាល់តែម្តងដើម្បីកុំឱ្យបែកទឹកលុយជំនួយ។ អង្គការសមាគម ប្រព័ន្ធផ្សព្វផ្សាយខ្លះត្រូវបានប្រើប្រាស់ជាចារកម្ម និងជាកម្លាំងចលករមួយក្នុងការប្រឆាំងនឹងអាជ្ញាធររាជរដ្ឋាភិបាល ឬជាចលករនៃបដិវត្តន៍ពណ៌តាមរយៈការធ្វើសកម្មភាពជួយពង្រឹង និងរៀបចំយុទ្ធសាស្ត្រដល់គណបក្សនយោបាយដើម្បីផ្តួលរំលំគណបក្សផ្សេងមួយទៀតដែលប្រទេសម្ចាស់ជំនួយមិនពេញចិត្ត ព្រមទាំងបំផុសបំផុលយុវជនឱ្យបះបោរ ឬបង្កចលាចលដើម្បីពួកគេងាយស្រួលក្នុងការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងនៃប្រទេសនោះស្របតាមគោលនយោបាយរបស់ម្ចាស់ជំនួយខ្លួន ពោលគឺដើរតួជាអ្នកបំផ្លាញផង និងជាអ្នកសង្គ្រោះផង។

២-ឥឡូវនេះ ដល់ពេលដែលកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អនុវត្តច្បាប់របស់ខ្លួនក្នុងនាមជាប្រទេសប្រជាធិបេតយ្យដែលមាននីតិរដ្ឋ។ កម្ពុជាមិនអាចអនុវត្តប្រជាធិតេយ្យដោយគ្មាននីតិរដ្ឋឡើយ ហើយក៏មិនអាចបន្តបិទភ្នែកយោគយល់ដល់អង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនយកទឹកដីកម្ពុជាមកធ្វើអាជីវកម្មដោយមិនគោរពច្បាប់ និងប្រើប្រាស់ជាទីតាំងដើម្បីបម្រើមហិច្ឆតានយោបាយប្រទេសខ្លួនដោយបង្កបញ្ហា ឬជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ កម្ពុជាមានច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងកំពុងចូលជាធរមាន ដូច្នេះគ្រប់ភាគីទាំងអស់ត្រូវមានកាតព្វកិច្ច គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់សហរដ្ឋអាមេរិកដែលត្រូវបានគេរកឃើញថាប្រតិបត្តិការងារនៅកម្ពុជា រយៈពេល ២៥ ឆ្នាំមិនទាន់សុំច្បាប់ និងចុះអនុស្សរណៈជាមួយក្រសួងការបរទេសកម្ពុជា ក៏ដូចជាមិនទាន់បានចុះបញ្ជីពន្ធដា កំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការជួយគណបក្សសង្គ្រោះជាតិរៀបចំយុទ្ធសាស្ត្រផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដោយប្រកាសថាឈ្នះឆ្នោតតាំងពីឥឡូវទៅ និងក្រោយការប្រកាសលទ្ធផលបោះឆ្នោត បើទោះបីជា

គណបក្សសង្គ្រោះជាតិចាញ់ឆ្នោត ក៏ត្រូវប្រកាសថាឈ្នះឆ្នោត ហើយទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាថាជាអ្នកលួចបន្លំ ក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋអ្នកគាំទ្រ ចុះតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងងាយស្រួលបំផ្ទុះអំពើហិង្សា បង្កអសន្តិសុខ និងឈានដល់ការផ្លាស់ប្តូររបប ឬមេដឹកនាំប្រទេស ស្របតាមគម្រោងផែនការដបិវត្តន៍ពណ៌។ គម្រោងការនេះ ពួកគេអនុវត្តបានជោគជ័យតាំងពីឆ្នាំ ១៩៨៣មក ហើយប៉ុន្មានឆ្នាំចុងក្រោយជោគជ័យក្នុងការផ្លាស់ប្តូររបបដឹកនាំនៅស៊ីរី លីប៊ីជាដើម។ តើកម្ពុជាគួរបន្តទុកអង្គការសមាគមដែលមិនគោរពច្បាប់កម្ពុជាទៀតឬយ៉ាងណា?

៣-មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលបានចែងថា «អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ​ចំពោះ​សមាគម ​ឬ​អង្គភាព​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ​ឬ​ដែល​ត្រូវ​បាន​​បញ្ចប់​សុពលភាព​អនុស្សារណៈ​ដោយ​​ក្រសួង​បរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។ ​វិធានការ​បន្ថែម​ទាក់ទងនឹង​ការ​បណ្តេញ​ចេញ​ស្របច្បាប់​តាមច្បាប់​អន្តោប្រវេសន៍ ​អាច​ត្រូវ​​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា ​ដែល​បម្រើការ​ងារ​នៅក្នុង​សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​»។​ តាមរយៈមាត្រានេះ រាជរដ្ឋាភិបាលគួរចាត់វិធានការតឹងរឹងចំពោះអង្គការសមាគម ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយដែលមិនគោរពច្បាប់កម្ពុជាក្នុងនោះមានទាំង NDI The Cambodia Daily VOA និង RFA ព្រោះថាពួកគេមិនអាចបន្តធ្វើអាជីវកម្ម ឬធ្វើស្រែលើខ្នងរាស្ត្រខ្មែរបន្តទៀតឡើយ ឬធ្វើសកម្មភាពសម
គំនិតជាមួយគណបក្សប្រឆាំងក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ឬអង្គការមនុស្សធម៌ដើម្បីបង្កភាពវឹកវរបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលជាតិ និងប្រជាជនកម្ពុជាបាននិងកំពុងទទួលផល។

៤-គាំទ្រចំណាត់ការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពច្បាប់កម្ពុជា។ ពីមុនពួកគេអាចធ្វើអ្វីស្រេចតែអំពើចិត្ត ប៉ុន្តែពេលនេះកម្ពុជាចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ក្នុងនាមជាប្រទេសនីតិរដ្ឋ។ បើ NDI មិនគោរពច្បាប់កម្ពុជា និងអនុវត្តផែនការទុច្ចរិតមកលើកម្ពុជា តើអង្គការនេះគួរមានវត្តមានបន្តទៀតនៅលើទឹកដីកម្ពុជាទេ? ចុះបើប្រព័ន្ធផ្សព្វផ្សាយដែលគោរពច្បាប់កម្ពុជា និងត្រូវបានប្រើប្រាស់ដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តស្ថានការណ៍ពិត ធ្វើសកម្មភាពជាប្រព័ន្ធដើម្បីសម្រេចគោលដៅបដិវត្តន៍ តើគួរបន្តមានវត្តមាននៅកម្ពុជាទៀតទេ? កម្ពុជាមិនចង់បានអ្វីក្រៅពីការគោរពច្បាប់ឡើយ។ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ កម្ពុជាមានការបើកទូលាយខ្លាំងលើវត្តមានរបស់អង្គការសមាគម ខណៈវៀតណាម ឡាវ ថៃ សង្គមស៊ីវិលត្រូវបានរឹតត្បិត ហើយនៅភូមា ពលរដ្ឋកំពុងលើកបដាបណ្តេញស្ថាប័នអន្តរជាតិ និងអង្គការអន្តរជាតិចេញពីស្រុករបស់គេដោយចោទថាបានគាំទ្រអ្នកធ្វើភេរវកម្ម។ ចំណែកនៅប្រទេសចិន រុស្សី អង្គការសមាគមបរទេសស្ទើរតែគ្មាន ហើយប្រទេសខ្លះបានបណ្តេញអង្គការ និងជនបរទេសដែលគេសង្ស័យថាជាគិញសម្ងាត់ចេញពីទឹកដីរបស់ពួកគេ។

កម្ពុជាក្នុងនាមជាប្រទេសអធិបតេយ្យមួយមានសិទ្ធិពេញលេញក្នុងការសម្រេចជោគវាសនាជាតិខ្លួន ដោយបដិសេធដាច់ខាតចំពោះការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជា និងមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជារបស់អង្គការសង្គមស៊ីវិល បក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលតែងចិញ្ចឹមចេតនាទុច្ចរិតរបស់ខ្លួនជាយូរមកហើយនោះ។ កម្ពុជាជាប្រទេស ប្រជាធិបតេយ្យដែលមាននីតិរដ្ឋ គ្រប់ភាគីពាក់ព័ន្ធត្រូវគោរពច្បាប់របស់ម្ចាស់ប្រទេសជាដាច់ខាត។ ដូច្នេះអង្គការសមាគម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកុំធ្វើដូចជាគីង្គក់លក់ថ្នាំស្រែង!

ដោយ ចៅ ចាក់ស្មុក







No comments:

Post a Comment