Monday, August 21, 2017

តើពេលនេះ​នរណា​ជាអ្នកមាន​អំណាច​នៅប្រទេសជប៉ុន?​

ការបោះឆ្នោតនៅក្នុងទីក្នុងទីក្រុងតូក្យូកាលពីពេលថ្មីៗនេះ បានបង្ហាញពីបរាជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party (LDP) ទៅឲ្យគណបក្ស Tomin First no Kai។ យោងតាមសេចក្តីរាយការណ៍មួយចំនួន លទ្ធផលនេះនឹងជះឥទ្ធិពលដល់នយោបាយជាតិរបស់ប្រទេសជប៉ុន ហើយអាចនឹងធ្វើឲ្យឥទ្ធិពលរបស់លោក Shinzo Abe មានការធ្លាក់ចុះ។
ប៉ុន្តែអ្នកតាមដាននយោបាយរបស់ជប៉ុន ដែលគិតថាលោក Abe បានកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមានការភ្ញាក់ផ្អើល ខណៈពេលដែលតួនាទីនោះមានការធ្លាក់ចុះ។ តើអ្វីខ្លះជាមូលហេតុនៃការផ្លាស់ប្តូរនេះ?
រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ របស់ជប៉ុន បង្ហាញថា នាយករដ្ឋមន្ត្រីគឺជាតួអង្គដ៏មានអំណាច។ រដ្ឋធម្មនុញ្ញបានចែងថា អំណាចនីតិប្រតិបត្តិគឺស្ថិតនៅក្រោមគណៈរដ្ឋមន្ត្រី ដែលមានសមាសភាពនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀត។ នាយករដ្ឋមន្ត្រី ជាអ្នកតែងតាំង ឬដកតំណែងរដ្ឋមន្ត្រី ហើយក្នុងនាមជាតំណាងគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអាចស្នើច្បាប់ទៅកាន់សភា​ ហើយគ្រប់ គ្រងរាល់កិច្ចការរដ្ឋបាលផ្សេងៗ។ រាល់ច្បាប់ និងបទបញ្ជារបស់គណៈរដ្ឋមន្ត្រី គឺតម្រូវឲ្យមានហត្ថលេខារបស់នាយករដ្ឋមន្ត្រី។
ទោះបីជារដ្ឋធម្មនុញ្ញបានចែងបែបនេះក៏ដោយ អ្នកវិទ្យាសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលមួយចំនួនបានចាត់ទុកថា ក្រោយពីសង្គ្រាម អំណាចរបស់នាយករដ្ឋមន្ត្រីមានការធ្លាក់ចុះ។ បញ្ហានេះ បាននាំឲ្យមានការពិភាក្សាគ្នាថា តើតួអង្គណាដែលមានឥទ្ធិពលជាងរវាងអ្នកធ្វើការក្នុងការិយាល័យ និងអ្នកនយោបាយ?
ទោះបីមានការកែទម្រង់មួយចំនួនក្រោយពីសង្គ្រាមក៏ដោយ ក៏មានមនុស្សជាច្រើនបានជំទាស់ រួមទាំងលោក Kiyoaki Tsuji ដែលថា អ្នកធ្វើការការិយាល័យរបស់ព្រះចៅអធិរាជមានអំណាចជាង។  លោក Chalmers Johnson បានអះអាងថា ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចគឺអាស្រ័យលើអ្នកធ្វើការការិយាល័យដ៏មានឥទ្ធិពល។ ប៉ុន្តែចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៨០ ដោយមានការផ្តួចផ្តើមពីលោក Michio Muramatsu នោះ ទម្រង់នៃអំណាចការិយាធិបតេយ្យត្រូវបានជំនួសបន្តិចម្តងៗដោយទម្រង់ដែលគ្រប់គ្រងដោយគណបក្សនយោបាយ ដែលអ្នកធ្វើការក្នុងការិយាល័យរបស់ជប៉ុននៅមានភាពសកម្ម ប៉ុន្តែមានតួនាទីត្រឹមជាភ្នាក់ងារនៃអ្នកនយោបាយដែលជាប់ឆ្នោត ជាពិសេសសមាជិកមកពីគណបក្ស LDP ។
ទម្រង់នៃអំណាចទាំងពីរនេះ បានទទួលស្គាល់ថា នាយករដ្ឋមន្ត្រីជប៉ុន គឺជាអ្នកដឹកនាំទន់ខ្សោយ និងអសកម្ម​ បើប្រៀបធៀបទៅនឹងការបរិយាយនៅក្នុងរដ្ឋធម្មនុញ្ញជប៉ុន និងអ្នកដឹកនាំបរទេសផ្សេងទៀត។
ប៉ុន្តែស្ថានភាពនេះ បានផ្លាស់ប្តូរចាប់ពីទស្សវត្សឆ្នាំ២០០០។ អ្នកសិក្សាស្រាវជ្រាវមួយចំនួនបានកត់សម្គាល់ពីការមកដល់នៃស្ថាប័នផ្សេងទៀត ដែលខ្លាំងជាងរបស់នាយករដ្ឋមន្ត្រី និងការិយាល័យប្រតិបត្តិរបស់ខ្លួន។ ដោយសារតែបាតុភាពនេះ ចំពេលនឹងរដ្ឋបាលរបស់លោក Junichiro Koizumi នោះ អំណាចនេះ គឺអាស្រ័យលើលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែ ត្រូវបានគេយល់ថា កំណែទម្រង់ស្ថាប័ន ដែលបានអនុវត្តចាប់ពីចុងទស្សវត្សរ៍១៩៩០ បាននាំមកនូវរបត់ថ្មីនៃនាយករដ្ឋមន្ត្រីដែលខ្លាំង។
ការផ្លាស់ប្តូរនៃស្ថាប័នទាំងនេះ រួមបញ្ចូលទាំងកំណែទម្រង់រដ្ឋបាលរបស់លោក Ryutaro Hashimoto (១៩៩៦-១៩៩៨) ដែលចូលជាធរមាននៅឆ្នាំ២០០១ ហើយមានគោលបំណងផ្តល់សិទ្ធិអំណាចដល់នាយករដ្ឋមន្ត្រី និងអ្នកជំនិត។ កំណែទម្រង់រដ្ឋបាលឆ្នាំ ១៩៩៦ របស់លោកMorihiro Hosokawa ក៏បានជះឥទ្ធិពលដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី តាមរយៈការដូរពីប្រព័ន្ធជ្រើសរើសសមាជិកច្រើន មកប្រព័ន្ធជ្រើសរើសសមាជិកតែមួយ នៅស្ថាប័នសភាជាន់ទាប។ ដោយសារតែថ្នាក់ដឹកនាំគណបក្សកាន់អំណាច ជាទូទៅកាន់តំណែងនាយករដ្ឋមន្ត្រី នោះកំណែទម្រង់បានបង្កើនសិទ្ធិអំណាចនៅក្នុងបក្សនោះ។
កំណែទម្រង់ទទួលបានលទ្ធផលល្អណាស់ ហើយសង្វៀននយោបាយបច្ចុប្បន្ន គឺកំពុងតែដើរតាមប្រជាធិបតេយ្យរបស់លោកខាងលិច។
នាយករដ្ឋមន្ត្រីលោក Abe ក៏បានលះបង់អំណាចផ្ទាល់ខ្លួនរបស់គាត់តាមរយៈវិមជ្ឈការនៃគោលនយោបាយសន្តិសុខជាតិ និងគោលនយោបាយការទូត។ រដ្ឋបាលរបស់គាត់បានបង្កើត ក្រុមប្រឹក្សាសន្តិសុខជាតិ (ដោយយកគំរូតាមអាមេរិក) និងលេខាធិការដ្ឋានសន្តិសុខជាតិ (the National Security Secretariat) ដើម្បីធ្វើវិមជ្ឈការគោលនយោបាយសន្តិសុខ។
ប៉ុន្តែ តើការកើនឡើងនៃអំណាចនាយករដ្ឋមន្ត្រីអាចស្ថិតស្ថិរទេ ឬវាអាស្រ័យលើអ្នកដឹក នាំ? ផ្អែកលើការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ ដំណើរការគោលនយោបាយនៃរដ្ឋបាល គណបក្សសាធារណៈរដ្ឋកន្លងមក មានកម្រិតស្មើនឹងដំណើរការគោលនយោបាយនៃរដ្ឋបាល បច្ចុប្បន្ន។ ដូច្នេះ ការកំណែទម្រង់ស្ថាប័នជាបន្តបន្ទាប់ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ ទទួលបានផ្លែផ្កា ទោះបីជាមានសំណួរមួយចំនួនពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចក៏ ដោយ។ ដូចគ្នានេះដែរ តំណែងនាយករដ្ឋមន្ត្រីដែលខ្លាំង អាចនឹងបន្តមាន បន្ទាប់ពីការចាកចេញរបស់លោក Abe ។
ការវិវត្តន៍សំខាន់ថ្មីមួយទៀតនោះ ការបង្កើតខុទ្ទកាល័យកិច្ចការបុគ្គលិកក្នុងឆ្នាំ២០១៤។ ការិយាល័យនេះ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី និងមន្ត្រីប្រតិបត្តិ អាចត្រួតពិនិត្យមើលការតែងតាំង មន្ត្រីជាន់ខ្ពស់ចំនួនប្រហែល ៦០០ នាក់ ដែលពីមុនគ្រប់គ្រងដោយក្រសួងពាក់ព័ន្ធរបស់ខ្លួន។ ទោះបីជាត្រូវការពេល និងទិន្នន័យដើម្បីស៊ើបអង្កេតពីប្រសិទ្ធភាពនៃខុទ្ទកាល័យនេះក៏ដោយ ក៏មានសេចក្តីរាយការណ៍មកថា មន្ត្រីរាជការដឹងកាន់តែច្រើនអំពីគោលបំណងរបស់​នាយករដ្ឋមន្ត្រី និងមន្ត្រីប្រតិបត្តិ។
ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការប្រកាសរដ្ឋធម្មនុញ្ញរបស់ជប៉ុន។ រដ្ឋធម្ម នុញ្ញនេះ មិនធ្លាប់ត្រូវបានធ្វើវិសោធនកម្មនោះទេ ដែលគេតែងតែហៅថា «រដ្ឋធម្មនុញ្ញចាស់បំផុតលើលោក»។ រដ្ឋធម្មនុញ្ញនោះសរសេរថា កំណែទម្រង់រដ្ឋាភិបាលទាក់ទងនឹងនាយករដ្ឋមន្ត្រី គឺស្មើនឹងកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ខណៈដែលជប៉ុន បានខិតជិតដល់ការផ្តល់អំណាចខ្លាំងតាម រយៈរដ្ឋធម្មនុញ្ញដល់តំណែងនាយករដ្ឋមន្ត្រី នោះនឹងមានសំណួរជាច្រើនបន្ថែមទៀត ដែលថា តើសាធារណជន ពិតជាអាចទទួល និងស្វាគមន៍ទម្រង់នៃការដឹកនាំដ៏មានឥទ្ធិពលនេះ ឬយ៉ាងណា?

ប្រភព : East Asia Forum ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧

No comments:

Post a Comment