Monday, August 21, 2017

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ រៀបចំបើក​វគ្គបណ្តុះបណ្តាល​ស្តីពីការ​ស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា​

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក Na Hongyu កុងស៊ុលច្បាប់ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា មានប្រសាសន៍ថា តាមស្ថានភាពនៃបទល្មើសបច្ចេកវិទ្យានៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ភាគច្រើនជាជនជាតិចិន បានជាប់ពាក់ព័ន្ធពីបទជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ និងជនជាតិកូរ៉េ បានជាប់ពាក់ព័ន្ធពីបទជំរិតល្បែងស៊ីសងតាមអ៊ីនធឺណេត។
ជាមួយគ្នានេះលោក Na Hongyu ក៏បានថ្លែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តន៍ច្បាប់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកន្លងមកបានធ្វើកិច្ចការនេះបានយ៉ាងល្អប្រសើរ និងសូមឲ្យយកចិត្តទុកដាក់ចាត់វិធានការស៊ើបអង្កេតឲ្យបានហ្មតចត់ថែមទៀត។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនាពេលកន្លងមក ក៏ដូចជាវគ្គបណ្តុះបណ្តាលដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់មន្ត្រីអនុវត្តន៍ច្បាប់អាចបំពេញនូវកិច្ចការរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ព្រមទាំងពង្រីកបាននូវប្រសិទ្ធភាពស្របតាមការវិវឌ្ឍរបស់សង្គម ដើម្បីលើកកម្ពស់សន្តិសុខជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលដ៏មានសារប្រយោជន៍សម្រាប់មន្ត្រីអនុវត្តន៍ច្បាប់យកធ្វើជាមូលដ្ឋានក្នុងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា ការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា មានភាពស្មុគស្មាញដែលត្រូវធ្វើឡើងដោយការប្រើប្រាស់នូវជំនាញបច្ចេកទេស និងការប្រុងប្រយ័ត្នខ្ពស់សម្រាប់បម្រើដល់ការអនុវត្តនីតិវិធីរបស់តុលាការ។
បន្ថែមពីនោះ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ស្តាប់ និងក្រេបយកនូវចំណេះដឹងជំនាញថ្មីៗពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅបម្រើការងារជាក់ស្តែង និងចែករំលែកនូវចំណេះដឹងដែលទទួលបានដល់មន្ត្រីផ្សេងទៀតនៅក្នុងអង្គភាពរបស់ខ្លួន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យានេះ គឺជាលើកទី២ហើយ ដោយមានការចូលរួមពីសិក្ខាកាមចំនួន៣២រូប មកពីនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួន១៩រូប នាយកដ្ឋានរដ្ឋបាលទូទៅចំនួន២រូប នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចំនួន២រូប នាយកដ្ឋានចារកម្មចំនួន១រូប នាយដ្ឋានសន្តិសុខផ្ទៃក្នុង ចំនួន៤រូប និងនាយដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសចំនួន៤រូប ដោយសិក្សាចំនួន ២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយមានការសហការពីទីភ្នាក់ងារនគរបាលជាតិកូរ៉េផងដែរ៕


No comments:

Post a Comment