Thursday, August 31, 2017

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីនីតិវិធីនៃការផ្ដល់តាវកាលិកផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលអនុក្រឹត្យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មន្ត្រីរាជការ ដូចជាអត្ថប្រយោជន៍ផ្នែកហានិភ័យការងារ និងអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព។

យោងតាមអនុក្រឹត្យដែលចុះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា អត្ថប្រយោជន៍ផ្នែកហានិភ័យការងារដែលមន្រ្តីរាជការទទួលបានរួមមាន៖ ១- ការផ្តល់សេវាសង្គ្រោះបន្ទាន់, ២- ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារ (គ្រោះថ្នាក់ការងារ) តាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះដោយសម្រាក ឬមិនសម្រាកនៅក្នុងមន្ទីរពេទ្យក្តីរហូតដល់ជាសះស្បើយ, ៣- ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល, ៤- ការផ្តល់សេវាស្តារនីតិសម្បទា មានជាអាទិ៍ ការផ្គត់ផ្គង់ ការថែទាំ ឬជួសជុលឧបករណ៍អវៈយវៈ ឬសរីរាង្គសិប្បនិម្មិត ឬការកែទម្រង់រាងកាយដែលតម្រូវដោយគ្រូពេទ្យផ្លូវការ ការសម្របសម្រួលមុខងារ ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឡើងវិញ, ៥- ការផ្តល់សេវាដឹកសព ឬបញ្ជូនជនរងគ្រោះពេលសង្គ្រោះបន្ទាន់។

ចំណែកអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព រួមមាន៖ ១- ការផ្តល់សេវាព្យាបាល និងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ, ២- សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត, ៣-ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល, ៤- ឱសថតាមវេជ្ជបញ្ជា, ៥-ការផ្តល់សេវាសម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយពេលសម្រាល, ៦-ការផ្តល់សេវាព្យាបាលដោយស្អំ ឬការព្យាបាលដោយចលនា ឬសេវាស្តារនីតិសម្បទាដទៃទៀត, ៧- សេវាសង្គ្រោះបន្ទាន់ក្នុងករណីសង្គ្រោះបន្ទាន់៕















No comments:

Post a Comment