Thursday, August 31, 2017

អាជ្ញាធរជាតិអប្សរាដាំដើម​គគីរ១៨០០ដើម​នៅច្រកចូលខាងកើត​ ឆៀងខាង​ត្បូងក្នុង​បរិវេណប្រាសាទ​តាព្រហ្ម​

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាព ដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មានន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកបានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំ នាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបានប្រមាណ ២៧ម៉ឺនដើមហើយ៕




No comments:

Post a Comment