Thursday, August 31, 2017

សមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ នាំគ្នាចុះ​សំអាតទ្វារទឹក​៥កន្លែង ​នៅទំនប់ទឹក​២០ឧសភា​

កំពង់ឆ្នាំ៖ កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចំនួន៦៥នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់សឹករងខេត្ត រួមជាមួយ មន្រ្តីមន្ទីរធនធានទឹក កងរាជអាវុធហត្ថ នគរបាល នឹងប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ បានសហការចុះ សំអាតសំណាត់ និង កំប្លោក ដែលបានរសាត់អណ្តែតតាមខ្សែទឹកមកកកស្ទះនៅតាមបណ្តាទ្វារទឹកចំនួន ៥កន្លែង ស្ថិតនៅតាមបណ្តោយទំនប់អាងទឹក ២០ ឧសភា មានទីតាំងក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ធន ធឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នឹងទៅរកស៊ីលក់ដូរនៅតំបន់នោះ សូមជួយផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដល់អជ្ញាធរដែនដី អំពីហេតុការណ៍ផ្សេងៗ ដែលអាចកើតមានដោយសារកំពស់ទឹកនៅរដូវវស្សា ធ្វើឲ្យប៉ះពាល់ដល់ទំនប់អាងទឹក ២០ ឧសភានេះ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតំបន់នេះ គឺជាអាងទឹកមួយដ៏មានសារៈសំខាន់បំផុត សម្រាប់បងប្អូនប្រជាកសិករ ប្រើប្រាស់ធ្វើស្រែចំការនៅរដូវប្រាំង និងសារៈសំខាន់មួយទៀតនោះ អាងទំនប់នេះក៏ជាទីរមណីយដ្ឋានមួយសម្រាប់កម្សាន្តផងដែរ ដូច្នេះសូមចូលរួមការពារទាំងអស់គ្នា ដើម្បីសហគមន៍យើង និងដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានភាពសម្បូរសប្បាយរុងរឿង៕





No comments:

Post a Comment