Thursday, August 31, 2017

ការតម្លើងប្រាក់បៀរវត្សមិនមែនដោយសារថៅកែបាតុកម្មនោះឡើយ!

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំធ្វើកិច្ចការនានាដើម្បីជួយដល់ជីវភាពរបស់កម្មករ កម្មការិនី ក៏ដូចជាក្រុមគ្រួសារពួកគេឱ្យបានប្រសើរឡើង តាមរយៈការតម្លើងប្រាក់បៀរវត្សជារៀងរាល់ឆ្នាំ ខុសពីក្រុមខ្លះ ពួកគេបានត្រឹមតែចូលមកធ្វើបាតុកម្ម ដើម្បីតម្លើងបៀរវត្សតែប៉ុណ្ណោះ ដែលទីបំផុតត្រូវបានគេដាក់ឈ្មោះថាជា ថៅកែបាតុកម្ម។

លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ប្រមាណជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជាមានមនុស្សរារាំងដែលគេចាត់ទុកថាជាអ្នកដែលបានក្បត់នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង ដែលអនុវត្តន៍រូបមន្ត៣កុំ គឺកុំផ្តល់ជំនួយឱ្យកម្ពុជា កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ បើគេធ្វើតាមការអំពាវនាវរបស់ជនក្បត់ជាតិ ក្បត់ផលប្រយោជន៍ប្រជាជននោះ តើបងប្អូនមានការងារធ្វើដែរឬទេ?

លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា ជួនកាលទង្វើអគតិ និងក្បត់ផលប្រយោជន៍ប្រជាជននេះ តែងត្រូវបានទប់ស្កាត់ពីក្រុមមួយទៀតដែលតែងតែសុំឱ្យគេផ្តល់ជំនួយដល់កម្ពុជា តែងតែសុំឱ្យគេមកវិនិយោគនៅកម្ពុជា តែងតែទៅសុំឱ្យគេជួយទិញទំនិញពីកម្ពុជា ដែលនេះហើយជាសកម្មភាពជាក់ស្តែង និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបាន និងកំពុងដឹកនាំប្រទេស។

លោក ហ៊ុន សែន ក៏បានបន្ថែមថា « ការដោះស្រាយបាននូវការតម្លើងបៀរវត្សនេះ មិនមែនដោយសារការទាមទាររបស់គេនោះទេ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងរវាងកម្មករ កម្មការិនីខ្លួនឯងជាមួយនឹងនិយោជកម្ចាស់រោងចក្រនោះឯង និងជាការ ខិតខំរបស់រាជរដ្ឋាភិបាល»។ លោក សង្កត់ធ្ងន់ថា ប្រសិនបើយើងផលិតបានល្អ ទំនិញលក់ដាច់លើទីផ្សារ ម្ចាស់រោងចក្រ ទទួលបានផលចំណេញ ដែលចុងក្រោយផលចំណេញនោះបានទៅដល់កម្មករ កម្មការិនីវិញនោះ ! នេះហើយ គឺជាទំនាក់ទំនងបេះមិនដាច់រវាងកម្មករ និងនិយោជក៕







No comments:

Post a Comment