Thursday, August 31, 2017

ក្រុមស្រាវជ្រាវព្រៃរកឃើញសត្វត្រយ៉ងយក្ស ចំនួន០៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានរកឃើញសត្វត្រយ៉ងយក្ស ចំនួន០២គូរ ស្មើនឹង០៤ក្បាល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ របស់អង្គការ WCS នេះគឺជាការរកឃើញប្រភេទសត្វស្លាបផុតពូជលើពិភពលោកជាលើកដំបូងសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។

លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានឱ្យដឹងថា ក្រុមលោកនឹងបន្តស្វែងរកសំបុកពងកូនរបស់សត្វត្រយ៉ងយក្សទាំងនេះ ព្រោះឥឡូវនេះ ជារដូវពងកូនរបស់ពួកវា។ ក្រុមអ្នកស្រាវជ្រាវ នឹងធ្វើការងារជាមួយសហគមន៍ និងក្រុមល្បាត នៃក្រសួងបរិស្ថាន ដើម្បីការពារសំបុកពងកូនសត្វត្រយ៉ងយក្សផងដែរ។ ការរកឃើញសត្វត្រយ៉ងយក្ស ចំនួន០២គូរ នេះ ឆ្លុះបញ្ចាំងជាថ្មីម្តងទៀតថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់មានជីវៈចម្រុះខ្ពស់ និងពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់អភិរក្សប្រភេទថនិកសត្វ និងសត្វ ស្លាបប្រភេទរងគ្រោះ។

សូមបញ្ជាក់ថា ត្រយ៉ងយក្ស ជាសត្វស្លាបតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតលើពិភពលោក។ គេរកឃើញមានតែនៅក្នុងប្រទេសកម្ពុជា និងមានតិចតួចនៅប្រទេសឡាវផងដែរ។ នៅលើពិភពលោក សត្វត្រយ៉ងយក្សពេញវ័យមានត្រឹមតែ១៩៤ក្បាលប៉ុណ្ណោះ ហើយ៩៩ភាគរយមានវត្តមាននៅកម្ពុជា។ ដូចនេះអ្នកអភិរក្សបរិស្ថាន បានឱ្យដឹងថា ការពង្រឹងកាអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាសហគមន៍ពិតជាចាំបាច់ក្នុងការធានាដល់ការរស់នៅរបស់សត្វព្រៃនៅកម្ពុជា៕



No comments:

Post a Comment