Thursday, August 31, 2017

ក្រសួងសុខាភិបាល​ រៀបចំយុទ្ធនាការ​ ចុះពិនិត្យ​សុខភាពទូទៅ​ ជូនកម្មករ-កម្មការិនី​ នៅតាមរោងចក្រ​

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំយុទ្ធនាការ ចុះពិនិត្យសុខភាព ជូនបងប្អូនកម្មករ-កម្មការិនី នៅតាមរោងចក្រសហគ្រាស ក្នុងខេត្ត ដែលមានរោងចក្រធំៗមួយចំនួន ដែលមានកម្មករ-កម្មការិនីបម្រើការច្រើននៅទីនោះ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ការយកចិត្តទុកដាក់លើសុខភាពកម្មករ-កម្មការិនីរោងចក្រ សហគ្រាសនេះ គឺបង្ហាញពីការជួយគិតគូរ ដល់ការរស់នៅ និងជីវភាពរបស់ពួកគាត់ ឲ្យមានភាពល្អប្រសើរឡើង តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានបន្ថែមថា ការចុះពិនិត្យសុខភាពជូនកម្មករ-កម្មការិនីរោងចក្រនេះ នឹងជួយដោះស្រាយបញ្ហាសុខភាពទូទៅ របស់ពួកគាត់ ដោយក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាល ចំពោះរាល់ថ្លៃការព្យាបាល គឺរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស៕



No comments:

Post a Comment