Thursday, August 31, 2017

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ផ្សព្វផ្សាយការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ការពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២» ក្រោមអធិ បតីភាព លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និង លោក កែន សេរីរដ្ឋា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច។

វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង៖ ១- បង្ហាញពីការវិភាគថ្នាក់ជាតិលើសក្ដានុពលនៃការអភិវឌ្ឍទីក្រុងបៃតង និងការវាយតម្លៃទិន្នន័យជាមូលដ្ឋានថ្នាក់ក្រុង ២- ពិភាក្សាលើគុណប្រយោជន៍ និងកត្តាប្រឈមនៃការអភិវឌ្ឍទីក្រុងបៃតង ដំណាក់កាលទី២ និង ៣- ផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទៅតាមវិស័យនីមួយៗ។ កម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ (២០១៧-២០១៨) ផ្តោតទៅលើបណ្តាក្រុងដែលមានសក្តានុពលបៃតង សម្រាប់ការអភិវឌ្ឍទីប្រជុំជនបៃតងរបស់ខ្លួន។ ការអនុវត្តកម្មវិធីនេះ នឹងជួយឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តទីក្រុងបៃតងសម្រាប់ទីក្រុងដែលមានសក្តានុពលបៃតង និងបញ្ជីគម្រោងវិនិយោគអភិវឌ្ឍន៍បៃតងដែលបានកំណត់អាទិភាពសម្រាប់ទីក្រុងទាំងនោះ។

សូមបញ្ជាក់ថា ទីក្រុងចំនួន៧ បានជ្រើសរើសសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតងនៅកម្ពុជារួមមាន៖ ក្រុងសួង ក្រុងកំពង់ចាម ក្រុងបាវិត ក្រុងកែប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ កិច្ចពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ រៀបចំឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធជាច្រើននាក់៕







No comments:

Post a Comment