Thursday, July 20, 2017

ខេត្តកំពង់ធំ រៀបចំពិធីលេងកូនត្រីពូជ លើកទី១៥ ចំនួន១០០គីឡូក្រាម ដើម្បីបង្កើនចំនួនមច្ឆាជាតិ បម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

នៅសហគមន៍ស្រះជម្រកត្រីអូរបុស្សម្កាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីលេងកូនត្រីពូជ ១០០គីឡូក្រាម ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពំាងឬស្សី ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ១០០០នាក់ផងដែរ។
លោក ធីវ វណ្ណធីរ ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍អំពីស្ថានភាពស្រះសហគមន៍នេះ ត្រូវបានបង្កើតឡើងមានសមាជិក ចំនួន៣៧០គ្រួសារ និងគណៈកម្មការ ចំនួន៧រូប ដែលមានផ្ទៃក្រឡា ១៨.៩៣ហិចតា មានជម្រៅទឹកនៅរដូវប្រាំង ចំនួន ១ម៉ែត្រ និងរដូវវស្សា ចំនួន៣ម៉ែត្រ។
លោក ធីវ វណ្ណធីរ បានឲ្យដឹងថា នេះជាលើកទី១៥ហើយ ដែលយើងបានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជ និងត្រីមេពូជ ចំនួន ១០០គីឡូក្រាម ដែលមានចំនួន ៤ម៉ឺនក្បាល ក្នុងនោះ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីកាហែ ៩ពាន់ក្បាល និង កូនត្រីកន្ធរ ១ពាន់ក្បាល។ លើសពីនេះទៅទៀត ក៏មានលែងនូវអន្ទង់ អណ្តើកមួយចំនួនទៀត នៅក្នុងស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់ ដើម្បីធ្វើឲ្យបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។
ថ្លែងក្នុងពិធីដ៏វិសេសវិសាលនេះដែរ លោក សុខ លូ បានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះ ត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកបានបន្ថែមទៀតថា ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។ ជាមួយគ្នានេះត្រូវធ្វើការបង្កា្រប បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ និងត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ។ ក្នុងនោះដែរលោកបានជំរុញឱ្យធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។

នាឱកាសនោះ ប្រជាពលរដ្ឋក៏បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជាពិសេសខណ្ឌរដ្ឋបាលជលផល ដែលបានរៀចំពិធីលែងកូនត្រីពូជនេះ ដើម្បីធ្វើឲ្យមានការកើនឡើងវិញនូវមច្ឆាជាតិ ផងដែរ៕







No comments:

Post a Comment