Thursday, July 20, 2017

(សូមទស្សនាវីដេអូ) ចុះបើថាច្បាប់ស្តីពីគណបក្សនយោបាយជាច្បាប់លេងសើច ហេតុអ្វីបក្សប្រឆាំងភ័យស្លន់ស្លោរម្ល៉េះ?



នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយសម្រាប់សាធារណជនធ្វើការពិចារណាក្រោមចំណងជើងថា «ចុះបើថាច្បាប់ស្តីពីគណបក្សនយោបាយជាច្បាប់លេងសើច ហេតុអ្វីបក្សប្រឆាំងភ័យស្លន់ស្លោរម្ល៉េះ?» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ទាំងសម រង្ស៊ី និងក្រុមមន្ត្រីបក្សសង្គ្រោះជាតិបានហៅច្បាប់វិសោធនកម្មស្តីពីគណបក្សន​យោបាយថាជារឿងឆាកល្ខោន និងជាច្បាប់លេងសើច។ ប៉ុន្តែនៅពេលដែលច្បាប់វិសោធនកម្មនេះកំពុងដំណើរការទៅមុខ ក្រុមមន្ត្រីគណបក្សប្រឆាំងបានភ័យស្លន់ស្លោរ ជ្រួលច្រាលដូចមាន់រកពង។ ភាពភ័យស្លន់ស្លោរនេះ បានជំរុញឱ្យក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥៥​រូប គ្រោង​នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​ព្រះ​មហាក្សត្រ​ដើម្បី​សុំ​ព្រះ​រាជ​អន្តរា​គមន៍​ពី​ព្រះ​អង្គ​កុំ​ឱ្យ​ឡាយ​ព្រហស្ថ​លេខា​លើ​វិសោធនកម្ម​ច្បាប់ ស្តី​ពីគណបក្ស​នយោបាយ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ ២០១៧។ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ព្រឹទ្ធសភា បានពិនិត្យ និងអនុម័តក្នុងប្រជុំវិសាមញ្ញព្រឹទ្ធសភារួចហើយដែរ។

យោងតាមលោក សុខ ឥសាន ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ​នៅ​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើប្រាស់​ច្បាប់​នេះ។ ការ​ដែល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​សុពលភាព​អនុវត្តន៍​ភ្លាមៗ គឺ​ដោយសារ​ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។

ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។ ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ទោះ​ជា​សម្ងាត់​ក្ដី ឬ​ជា​ចំហរ​ក្ដី ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ គណបក្ស​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មាន​ការ​ផ្អាក​សកម្មភាព​របស់​គណបក្ស​នោះ​រយៈពេល ៥​ឆ្នាំ​យ៉ាង​តិច ត្រូវ​លុប​ឈ្មោះ​គណបក្ស​នោះ​ចេញ​ពី​បញ្ជី​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​តែ​ម្ដង។

តើ​លិខិត​របស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងមានឥទ្ធិពលទប់ស្កាត់ច្បាប់ស្តីពីគណបក្សន​យោបាយមិនឱ្យចេញរួចទេ?

ដោយ៖ ចៅ ចាក់ស្មុក

No comments:

Post a Comment