Thursday, July 20, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ចៅ ហ៊ឺទៀង គីមហុង ជាមនុស្សទេព និងថានៅលើលោកនេះប្រហែល មិនមានមនុស្សពិសេសបែបនេះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយបានសម្តែងការភ្ញាក់ផ្អើលចំពោះសមត្ថភាពពិសេសរបស់កុមារា ហ៊ឺទៀង គីមហុង ដែលអាចមានសមត្ថភាពដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ បានខណៈរូបគេទើបមានអាយុ ៧ឆ្នាំប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកកុមារា គីមហុង ជាមនុស្សទេព ហើយលើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ។
សំណេរនៅក្នុងទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូប ប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ចៅ គីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ»។
លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ចៅអាចធ្វើជំនួយការឲ្យមេបញ្ជាការយោធា ឬនាយសេនាធិការកងទ័ពគ្រប់កម្រិតក្នុងផ្នែកផែនទី។ ចៅអាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លី ដែលខ្ញុំមិននឹកស្មានដល់។ ព្រឹកមិញ ខ្ញុំបានប្រៀបខ្លួនខ្ញុំជាមេបញ្ជាការយោធានៅសមរភូមិមួយ ឯចៅ គីម ហុង ជាជំនួយសេនាធិការផ្នែកកលយុទ្ធ។ ខ្ញុំត្រូវការផ្តល់ជំនួយដោយកាំភ្លើងធំ និងកងជើងអាកាសទៅកាន់ទីតាំង១ ទើបប្រាប់ទៅចៅ គីម ហុង ឲ្យរកគោលដៅ និងចម្ងាយ។ គ្រាន់តែបែរមកនិយាយជាមួយឪពុកម្ដាយរបស់ គីមហុង មិនបានប៉ុន្មានម៉ាត់ផង ចៅបានរកឃើញរួចស្រេចទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កុមារា គីមហុង មានសមត្ថភាពច្រើនជាងសម្តេចលើការប្រើកុំព្យួទ័រ ហើយនេះជាការពិតមួយដែលសម្តេចត្រូវតែទទួលយក។

គួររំលឹកថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យកុមារា ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ សព្វថ្ងៃកំពុងរៀននៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ដែលមានទីតាំងនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងឪពុកម្តាយ ក្រុមគ្រួសារ ព្រមទាំងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង លោកគ្រូដែលបានសាកល្បងសមត្ថភាព គីមហុង លើការគណនាគណិតវិទ្យាពេលកន្លងមក ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នៅភូមិគ្រឹះរបស់សម្តេចក្បែរវិមានឯករាជ្យ។
សូមបញ្ជាក់ថា កុមារា គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារា គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។
នៅក្នុងពេលជួបសំណេះសំណាលជាមួយចៅ គីមហុង លោកនាយករដ្ឋមន្ត្រី ក៏បានប្រគល់កំព្យូទ័រឲ្យកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានឲ្យចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ ដោយសារកុមារនេះ មានសមត្ថភាពពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្ត្រី បានស្នើឲ្យលោក ដួង តារា ជំនួយការផ្ទាល់ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារា គីមហុង។
បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមកលោកនាយករដ្ឋមន្ត្រី បានឧបត្ថម្ភកុំព្យូទ័រយួរដៃ១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺទៀង គីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រី បានប្រកាសឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត និងបានចាត់ទុក គីមហុង ជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា៕











No comments:

Post a Comment