Thursday, July 20, 2017

លោក សុខ ឥសាន៖ ដើម្បីចង់ចំណេញនយោបាយ មានតំណាងរាស្ត្រខ្លះ និយាយមិនដឹងខ្យល់!

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានលើកឡើងថា មានអ្នកនយោបាយខ្លះ ចង់ឲ្យ គ.ជ.ប ចូលទៅធ្វើការចុះឈ្មោះពលករចំណាកស្រុក នៅប្រទេសក្រៅ ក្នុងខណៈដែលគ្មានច្បាប់កំណត់។ លោក សុខ ឥសាន បានលើកឡើងទៀតថា ជាមួយគ្នានេះ អ្នកនយោបាយទាំងនោះ ចង់ឲ្យយកស្ថានឯកអគ្គរាជទូតខ្មែរ និងស្ថានកុងស៊ុលខ្មែរនៅក្រៅប្រទេស ធ្វើជាកន្លែងចុះឈ្មោះបោះឆ្នោត និងជាការិយាល័យបោះឆ្នោត ទាំងដែលខ្លួនធ្លាប់សម្តែងការមិនទុកចិត្ត មន្ត្រីការបរទេស ថាជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា គ្រាន់តែនៅក្នុងប្រទេស នៅគ្រប់ការិយាល័យបោះឆ្នោត មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មានភ្នាក់ងារគណបក្សនយោបាយ ចុះហត្ថលេខាក្នុងកំណត់ហេតុបូកលទ្ធផលបោះឆ្នោត ក៏បក្សប្រឆាំងនិយាយថា ការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធ៌មដែរ ចុះទំរាំនៅ ក្រៅប្រទេសដែលស្ថិតក្រោមការមើលខុសត្រូវ របស់ស្ថានទូតកម្ពុជានៅក្រៅប្រទេស ដែលបក្ស​ប្រឆាំង​មិនដែលទុកចិត្ត មន្ត្រីការបរទេសកម្ពុជានោះ តើបក្សប្រឆាំងនឹងចោទប្រកាន់​យ៉ាងណា​វិញទៅ?
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា បក្សប្រឆាំងចង់ឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើលិខិតបញ្ជាឲ្យនិយោជកបរទេស ឲ្យកម្មករខ្មែរ សម្រាកពីការងារទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតសម្រាប់កម្ពុជា។ តើរដ្ឋមន្ត្រីការបរទេសកម្ពុជា អាចបង្គាប់បញ្ជានិយោជកបរទេស ហួសដែនសមត្ថកិច្ចរបស់ខ្លួនបានដែរឬទេ?
លោក សុខ ឥសាន ក៏បានលើកឡើងថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺធ្វើតែ១សប្តាហ៍ប៉ុណ្ណោះ ចុះហេតុអ្វីបក្សប្រឆាំង ចោទថាការធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ ធ្វើឡើងបែបតក់ក្រហល់ទៅវិញ?

លោកបានសង្កត់ធ្ងន់ថា ការចង់បានឥតពិចារណាខុសត្រូវ ស្របតាមច្បាប់ឬមិនស្របនោះ តើ តំណាងរាស្ត្របក្សប្រឆាំងពិតជាភ្លើ ឬធ្វើពុតជាភ្លើមិនដឹងខ្យល់?


No comments:

Post a Comment