Thursday, July 20, 2017

នៅរសៀលនេះ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

តាមការគ្រោងទុក លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោង២៖៤៥នាទីរសៀល និងនៅម៉ោង៣៖៤៥នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះដែរ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម ក៏នឹងជួបជាមួយប្រធានរដ្ឋសភាកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានមកដល់កម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧។
លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា ហើយលោកនឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។

ក្រៅពីជួបជាមួយលោក សាយ ឈុំ និង លោក ហេង សំរិន រួចនោះ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។ ជាមួយគ្នានេះ លោក ង្វៀន ហ៊្វូជុង និងលោក សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕









No comments:

Post a Comment