Thursday, July 20, 2017

លិខិតចំហពីអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់!

ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលជាពន់ពេកណាស់ នៅពេលលឺថា ក្រុមគ្រួសារលោកបណ្ឌិតជំពាក់គេជិត ៨០០០ ដុល្លា ថ្លៃបបរ និងថ្លៃចំណាយផ្សេងៗ សម្រាប់ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ របស់សពលោកបណ្ឌិត កែម ឡី កាលពីពេលថ្មីៗនេះ។ ទោះជាមានការអំពាវនាវរកសម្បុរសជនឲ្យជួយយ៉ាងណាក៏គ្មានអ្នកជួយដែរ។  តែ ទីបំផុត គឺក្រុមគ្រួសារសពបណ្ឌិត កែម ឡី បានទទួលការឆ្លើយតបពីលោក ហ៊ុន សែន ដោយផ្តល់ថវិកា មួយម៉ឺនដុល្លារជូនលោក កែម រិទ្ធីសិទ្ធិ យកទៅដោះស្រាយបញ្ហា។

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្ត របស់លោកនាយករដ្ឋមន្ត្រី ដែលបានជួយដោះស្រាយការលំបាក របស់ក្រុមគ្រួសារសពបណ្ឌិត កែម ឡី បើទោះបីជារូបលោកផ្ទាល់ និងក្រុមគ្រួសារបានទទួលរងការចោទប្រកាន់ពីមនុស្សមួយចំនួនថា នៅពីក្រោយឃាតកម្មនេះក៏ដោយ។ អ្វីដែលខ្ញុំចង់និយាយពេលនេះគឺ វាជាការនឹកស្មានមិនដល់ថា ស្ថានភាពវាអាចទៅដល់ថ្នាក់ហ្នឹង? ក្រោយពេលលោកបណ្ឌិត កែម ឡី ស្លាប់ មានមនុស្សច្រើនណាស់ដែលចេញមុខចាត់ចែង រៀបចំពិធីបុណ្យសព ដោយមានគណៈកម្មការ និងមានអ្នកបង្កើតមូលនិធិរៃអង្គាសប្រាក់ ទាំងក្នុងនិងក្រៅប្រទេស យ៉ាងព្រោងព្រាត ដូចជានៅអូស្ត្រាលី  អាមេរិក កាណាដា ជាដើម។ ខ្ញុំក៏ធ្លាប់បានលឺព័ត៌មានថា មានការលួចលុយមូលនិធិ និងមានអ្នកកេងចំណេញខាងនយោបាយ ក៏ដូចជាអ្នកបន្លំដើម្បីរៃអង្គាសដាក់ហោប៉ៅរបស់ខ្លួនដែរ។ ហើយ ខ្ញុំក៏បានដឹងដែរថា មានក្រុមអ្នកទាមទាររកតម្លាភាពពីក្រុមមូលនិធិ កែម ឡីនេះដែរ តែខ្ញុំព្យាយាមមិនជឿទេ ពីព្រោះអាចថាមានអ្នកខិលខូចចេះតែចោទប្រកាន់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគេ។

ប៉ុន្តែ ដល់ពេលឃើញភាពជាក់ស្តែងចុងក្រោយ ដែលសូម្បីតែថ្លៃធ្វើបុណ្យក៏គ្មានលុយសងគេគ្រប់ផង ហើយជំពាក់គេជិត ១ម៉ឺនដុល្លារ ទើបខ្ញុំហាក់ដូចជាចាប់ផ្តើមភ្លឺភ្នែក ហើយចោទសួរខ្លួនឯងម្តងហើយម្តងទៀត ដោយមិនអស់ចិត្តទាល់តែសោះ។ ខ្ញុំធ្លាប់លឺពួកអ្នក កែម ឡី និយម និងបក្សសង្គ្រោះជាតិ និយាយអំពីគម្រោងសាងសង់ចេតិយដ៏អស្ចារ្យមួយ តម្លៃរាប់សិបម៉ឺនដុល្លារ ឬអ្នកខ្លះថាមួយលានដុល្លារ រួមទាំងបណ្ណាល័យដ៏ប្រណីតមួយផង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ខ្ញុំចេះតែតាមដានព័ត៌មាននេះជាប្រចាំ តែរហូតមកដល់ពេលនេះ ឃើញផ្នូររបស់លោកបណ្ឌិត នៅតែប្រក់តង់ គ្មានអ្វីទាំងអស់។ ចុងក្រោយបំផុត ក៏ស្រាប់តែកើតមានរឿងថា សូម្បីលុយសងថ្លៃបបរ និងរោងបុណ្យក៏នៅជំពាក់គេយ៉ាងសន្ធឹក!

សម្រាប់ជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មានសំណួរជាច្រើនបានផុសឡើង៖ ហេតុអ្វីបានជាមានរឿងដែលមិនគួរឲ្យជឿបែបនេះកើតឡើង? តើលុយដែលនាំគ្នាចូលបុណ្យ និងបានមកពីការរៃអង្គាសតាមរយៈមូលនិធិផ្សេងៗនោះនៅឯណា? អ្នកណាជាអ្នកទទួលខុសត្រូវរឿងនេះ? តើអ្នកដែលអួតខ្លួនថា កែម ឡី និយមទាំងឡាយ និងអ្នកដែលកេងចំ ណេញនយោបាយពីសពលោក បណ្ឌិត កែម ឡី ទាំងឡាយមានអារម្មណ៍បែបណាដែរនៅពេលឃើញសភាពបែបនេះ? តើវិញ្ញាណក្ខន្ធលោក បណ្ឌិត ខ្លោចផ្សារយ៉ាងណា ពេលឃើញរឿងរ៉ាវជាក់ស្តែងបានកើតឡើង ចំពោះក្រុមគ្រួសារលោកបណ្ឌិតបែបនេះ?

ពេលធ្វើបុណ្យខួបមួយឆ្នាំ ខ្ញុំតាមដានស្តាប់វិទ្យុអាស៊ីសេរី ដែលបានផ្សាយព័ត៌មាននេះយ៉ាងកងរំពង ហើយបានចងចាំថា ពិធីបុណ្យនោះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលមានមុខមាត់មួយចំនួនធំ។ ស្តាប់ហើយហាក់មានអារម្មណ៍ថា ពិធីបុណ្យនេះមិនគួរកើតមានរឿងជំពាក់លុយបុណ្យច្រើនបែបនេះទេ? ឬមួយអ្នកទាំងនោះទៅស៊ី បុណ្យ ហើយមិនចូលបុណ្យ? សំណួរទាំងអស់នេះធ្វើឲ្យខ្ញុំគិតឡើងវិញនូវពាក្យដែលលេចលឺកន្លងមកថា មានអ្នកកេងចំណេញនយោបាយ  មានអ្នកចង់បានមុខមាត់ និងអ្នកកេងចំណេញលាភសក្ការៈពីសពលោកបណ្ឌិត កែម ឡី ។ មិនត្រឹមតែអ្នកនយោបាយទេ សូម្បីតែអ្នកសារព័ត៌មានខ្លះក៏ចង់បានមុខមាត់ពីសពលោកបណ្ឌិតដែរ។ ពួកគេសម្តែងធ្វើយំសោកតាមរលកធាតុអាកាស និងចេញលិខិតចំហផ្សាយតាមវិទ្យុថែមទៀត ដែលស្តាប់ទៅហាក់ដូចជាធ្វើឲ្យខ្ញុំកក់ក្តៅសម្បើមណាស់។ ប៉ុន្តែ ក្រោយឃើញសភាពជាក់ស្តែងបែបនេះ ខ្ញុំហាក់មានអារម្មណ៍ថា  ពាក្យដែលលេចលឺកន្លងទៅទាំងអម្បាលមាណទំនងជាការពិតហើយទើបបានជាកើតមានរឿងដ៏គួរឲ្យសង្វេគបែបនេះ? ពួកគេបានត្រឹមសម្តែងដើម្បីយកចំណេញនយោបាយ មុខមាត់ និងលាភសក្ការៈផ្ទាល់ខ្លួនតាមជំនាញរៀងៗខ្លួន!!!

ក្នុងនាមអ្នកស្រឡាញ់លោក កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងអៀនខ្មាសជំនួសអ្នកតាំងខ្លួនជា កែម ឡី និយម, អ្នកសារព័ត៌មានមួយចំនួន និងអ្នកនយោបាយដែលចេញមុខព្រោងព្រាតដើម្បីយកបុងក្រោយពេលលោកបណ្ឌិតបានស្លាប់ទៅដែលទីបំផុតពួកគេបែរជាបណ្តោយឲ្យពិធីបុណ្យខួបមួយឆ្នាំរបស់លោកបណ្ឌិតបន្សល់ទុកនូវរឿងដ៏សោកសៅនិងគួរឲ្យអាម៉ាសបំផុតបែបនេះ។ វាពិតជាការមិនគួរគប្បីឡើយចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត។ អ្វីដែលកើតឡើងពេលនេះក៏បានធ្វើឲ្យខ្ញុំកាន់តែជឿថា ការសន្យាខ្យល់ពិតជាមានមែន ហើយមនុស្សយើងពិតជាហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមុខមាត់ ដើម្បីប្រជាប្រិយភាពនយោបាយ និងដើម្បីលាភសក្ការៈដោយមិនគិតពីភាពសមរម្យអ្វីឡើយ។ ទីបំផុតទុកកេរ្តិ៍ខ្មាសកណ្តាលវាល! យ៉ាងណាក៏ដោយ ខ្ញុំសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ លោកបណ្ឌិតទៅកាន់សុគតិភព ពីព្រោះទោះជាយ៉ាងណា ក៏ក្រុមគ្រួសារលោកបណ្ឌិតបានដោះបំណុលគេរួចរាល់ ហើយតាមរយៈសប្បុរសជន ដែលមុននេះពួកអ្នក កេងចំណេញពីសពលោកបណ្ឌិតចោទថា ជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត។ សូមវិញ្ញាណក្ខន្ធលោកបណ្ឌិតវិនិច្ឆ័យផងចុះថា អ្នកណាល្អ អ្នកណាអាក្រក់ពិតប្រាកដនោះ៕

ពីអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់!


No comments:

Post a Comment