Thursday, December 17, 2020

សាខាកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២៣ខ្នង

 ស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០នេះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានដឹកនាំសហការី និងនិមន្តចូលរួមពីព្រះគ្រូចៅអធិការទាំង ៧វត្ត ក្នុងស្រុកស្វាយទាប នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២៣ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤ខ្នង មធ្យមចំនួន ៨ខ្នង ស្រាលចំនួន ១១ខ្នង ក្នុងស្រុកស្វាយទាប នៅឃុំប្រសូត្រ និងឃុំកណ្តៀងរាយ។

សូមបញ្ជាក់ថាក្នុងហេតុការណ៍ខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ធ្វើឲ្យប៉ះពាល់ក្រុងស្រុកចំនួន ៤ គឺស្រុកស្វាយទាប ២៣ខ្នង ស្រុករមាសហែក ១៥ខ្នង ស្រុកកំពង់រោទិ៍ ៥ខ្នង និងក្រុងបាវិត ១ខ្នង សរុប ៤៤ខ្នង ដែលក្រុមការងារសាខា អនុសាខា បានដោះស្រាយរួចហើយ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកប្រធាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ហើយលោក សូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកស្រីសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ (ករណីលង់ទឹក) ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។

អំណោយដែលបានចែកជូនរួមមាន៖ សម្រាប់គ្រួសារដែលផ្ទះខូចខាតទាំងស្រុងមាន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ កន្ទេលបត់ ១ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០រៀល ។ សម្រាប់គ្រួសារដែលផ្ទះខូចខាតមធ្យមមាន ៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០រៀល ។ សម្រាប់គ្រួសារដែលផ្ទះខូចខាតស្រាល ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា ៦០,០០០រៀល ដើម្បីទិញសម្ភារជួសជុលផ្ទះឡើងវិញ។ ក្នុងពិធីនេះដែរ ព្រះគ្រូចៅអធិការវត្តទាំង ៧ បានចូលរូមចំណែកជាមួយសាខា ឧបត្ថម្ភបន្ថែមនូវ បច្ច័យ ទេយ្យទាន គិតជាថវិកាសរុបចំនួន ៧៧០,០០០រៀល៕







No comments:

Post a Comment