Thursday, December 17, 2020

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាលសួរ សុខទុក្ខ និងប្រគល់ថវិកាមួយចំនួនជូនដល់ប្រជាកសិករចំនួន៣៩គ្រួសារនៅស្រុកក្រូចឆ្មារ

 ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា អមដំណើរដោយអភិបាលរងខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួន ជូនដល់ប្រជាកសិករដាំបន្លែត្រសក់ចំណារ ដែលកំពុងជួបបញ្ហាតម្លៃ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់បងប្អូនប្រជាកសិករដាំដំណាំត្រសក់ចំណារ ដែលកំពុងជួបបញ្ហារឿងតម្លៃនៅលើទីផ្សារផងដែរ។

ដើម្បីចូលរួមដោះស្រាយលើការលំបាករបស់បងប្អូនប្រជាកសិករដាំដំណាំត្រសក់ចំណារនាពេលនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងភរិយា បានអំពាវនាវដល់ មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែត្រសក់ អោយមានតម្លៃទីផ្សារសម្រាប់លក់បានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។ លោក បានលើកទឹកចិត្តឱ្យកសិករខិតខំដាំដំណាំបន្លែបន្ថែមទៀត បន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែលជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែត្រសក់នោះដែរ លោក បានឧបត្ថម្ភថវិការដល់កសិករដាំត្រសក់ ដែលកំពុងប៉ះពាល់តម្លៃ ចំនួន៣៩គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិការចំនួន ៥០០,០០០រៀល សរុបអស់ទឹកប្រាក់ចំនួន១៩,៥០០,០០០រៀល និងបានជួយទិញត្រសក់ពីកសិករចំនួន៤តោន ក្នុង១គីឡូ តម្លៃ ១.០០០រៀល ចែកជូននគរបាល កងទ័ព អាវុធហត្ថ កង ពលលេខ២១ ពន្ធនាគារ និងមន្ទីរពេទ្យសួងផងដែរ៕





No comments:

Post a Comment