Thursday, December 17, 2020

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ សម្រាប់ថែរក្សា និងអភិរក្ស

 បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះគ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។

សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។

កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុង ក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ ក្រៅពីនោះ កន្លងមកក៏មានការដោះលែងសត្វឈ្លូស ៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប ៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាលចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។

ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃរមណីយដ្ឋានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវហើយអំពាវនាវទៀតជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះចូលរួមថែរក្សាសត្វ ព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះ ឃើញមានបំណងមិនល្អ និងសូមកុំផ្តល់ចំណីឲ្យសត្វទាំង នោះ៕







No comments:

Post a Comment